ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង សុីណេត បានចាត់ឱ្យអនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ក្នុងស្រុកព្រៃនប់

(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ បានចាត់ឱ្យលោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់គ្រួសារគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោក បានក្រើនរំលឹកដល់គ្រួសាររងគ្រោះអោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានាពិសេស គ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រានហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ។

សម្ភារៈសាខាផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ២យួរ មី ២កេស ទឹកសុីអុីវ ២យួរ តង់១ កន្ទេល១ សម្ភារៈផ្ទះបាយ ១ឈុត ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *