(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។
ក្នុងពិធីដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតឧបកនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រមុខក្រសួងមហាផ្ទៃ ក៏បានរំលេចនូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលឯកឧត្តមផ្ទាល់ និងឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ត្រូវការការចូលរួមពង្រឹងការអនុវត្តពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ដូច្នេះឯកឧត្តមបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។
សូមបញ្ជាក់ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ«សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់។ មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ៕