ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន

(កំពង់ចាម​) ៖​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅ មកចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត រួមទាំងបង្រៀនបន្ថែមដល់កូន ចៅតាមគ្រប់រូបភាព​ ហេីយ​ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រទាំង ក្នុងសាលា និងក្រៅសាលាឱ្យបានគ្រប់ពេលវេលា​ផងដែរ​។ ការថ្លែងបែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២៤​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវសូមឱ្យមាតាបិតា ឬអាណាព្យាបាលសិស្ស សប្បុរសជន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តាមរយៈការជួយជួសជុល សាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ តបណ្ដាញទឹកស្អាត ទីលានកីឡានានា និងថែរក្សាការពារទ្រព្យ សម្បត្តិរួម ដើម្បីទុកសម្រាប់ឱ្យកូន-ចៅបានចូលសិក្សាបានយូរអង្វែង និងគង់វង្ស។​

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។​ ព្រមទាំង​បន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា ថែមទាំងរៀបចំបរិស្ថានសាលារៀនស្អាត បៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ នៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឳពុកម្ដាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។​ ចំពោះ​ក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ​ ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *