(កំពង់ចាម) ៖ រសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។
លោក សុីម គង់ អតីតអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលជើងព្រៃ ជំនួសលោក អូត ឈាងលី ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកជើងព្រៃទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះលោក សុីម គង់ អភិបាលស្រុកជើងព្រៃ ដែលទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកស្រីសន្ធរ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះត្រូវពង្រឹងកិច្ចការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ផងដែរ៕