ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានកើតឡើងនៅវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលស្ថិតនៅផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយនៅក្នុងផ្ទះខាងលើនេះ ជាផ្ទះលក់សម្ភារៈ។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើង ចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ឆេះខូចខាតផ្ទះឈើប្រក់ស័ង្កសី ទំហំ ៨,៥ម៉ែត្រ × ១៣ម៉ែត្រ ចំនួន០២ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ ផ្ទះឈើប្រក់ស័ង្កសីចំនួន០១ខ្នង ខូចខាតអស់២០%។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១១គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើរនឹង៤០ម៉ែត្រគូប និងកាណូតពន្លត់អគ្គិភ័យខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង។
យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង៨និង១០នាទីព្រឹកនាថ្ងៃដដែរ រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕