ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា មានករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតបុ័ងតោ) មួយកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កដោយជនង្ស័យម្នាក់ ឈ្មោះ ហង្ស កក្កដា ហៅក្ដិប ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំបិតបុ័ងតោកាប់ចំនួនពីរកាំបិតទៅលេីជនរងគ្រោះឈ្មោះ ឃួន ឌីណា ហៅរីណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្ដាលឱ្យរងរបួសធ្ងន់ ។
ក្រោយពីបានទទួលបណ្តឹង ពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៧និង០០នាទី បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហង្ស កក្កដា ហៅក្ដិប ភេទប្រុស អាយុ២២ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថា បានធ្វេីសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលេីជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ ទំនាស់ពាក្យសំដីគ្នា ។ វត្ថុតាងដកហូតបាន៖ កាំបិតបុ័ងតោចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕