(ភ្នំពេញ) ៖ ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិបានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់២២គ្រឿងវិស្វកម្មធន់ធ្ងន់ទៅកាន់សាធារណរដ្ឋ អាហ្វ្រិកកណ្តាល តាមការស្នើរសុំបន្ថែមពីអង្គការសហប្រជាជាតិក្នុងបេសកកម្មMINUSCA ។
យោងតាមបណ្តាញសង្គមរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតី នៃការបញ្ជូនរថយន្តគ្រឿងចក្រ និងសម្ភារៈគ្រឿងបំពាក់ចំនួន២២គ្រឿងទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មអង្គការសហប្រជាជាតិសម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយ ។
ឯកឧត្តម សែម សុវណ្ណនី បានលើកឡើងថា ការដែលបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈដាក់ក្នុងទូកុងទឺន័រទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីដឹកតាមនាវាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយមានការអនុញ្ញាតយល់ព្រមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ។
រថយន្តគ្រឿងចក្រ និងសម្ភារៈ រួមមានរថយន្តប្រភេទរថយន្តរថពាសដែក (MPV) រថយន្តសាំងរថយន្តទឹក គ្រឿងចក្រប្រភេទអេស្កាវឺទ័រ គ្រឿងចក្រប្រភេទសាសឺ និងគ្រឿងចក្រនីវ៉ាល័រ រថយន្តតូច និងសម្ភារៈបំពាក់ចំនួន៤កុងទឺន័រ ទាំងអស់២២ គ្រឿងនឹងចេញទៅសាធារណរដ្ឋអាហ្វ្រិ កកណ្តាល តាមនាវា នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដោយប្រើរយៈពេល៩០ថ្ងៃ នឹងទៅដល់គោលដៅ៕