ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​​ អញ្ជើញចុះ​ពិនិត្យ​ស្ថានភាពទឹកនៅតាមបណ្ដា​ប្រឡាយ​ដោះទឹក​ពង្វាងទឹក​តំបន់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​តេជោ​​ និង​បណ្តាព្រែក ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល

(កណ្ដាល) ៖ នៅព្រឹកថ្ងៃចន្ទ​ ៩រោច​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ អមដំណើរដោយ​ឯកឧត្តម​ជាថ្នាក់ដឹកនាំ​ មន្ត្រី​បច្ចេកទេស​ក្រសួង​ និង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល​ រួមជាមួយ​លោកអភិបាល​នៃគណៈអភិបាលខេត្តកណ្តាល និង​អាជ្ញាធរមូលដ្ឋាន​ បាន​អញ្ជើញចុះ​ពិនិត្យ​ស្ថានភាពទឹកនៅតាមបណ្តាប្រឡាយ​ដោះទឹក​ពង្វាងទឹក​តំបន់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​តេជោ​​ និង​បណ្ដា​ព្រែក​ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល​។

ក្នុង​ឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​បានអញ្ជើញចុះពិនិត្យប្រឡាយ​៩៤ ប្រឡាយ៩៦​ ព្រែកហូរ​ ព្រែកគង់ និង​ប្រឡាយដោះទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។​

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់ឱ្យដឹងថា​ បើតាមការពិនិត្យ​​ មូលហេតុដែល​ព្រែកហូរ​មាន​ទឹកហូរយឺតគឺ​​ដោយសារ​តែ៖​ ទី​១)ចាប់ពីព្រែកយាយជាដែលមាន​មុខទឹកបែកជាពីរ​​ ​ហូរបានតែមួយច្រក និងមួយច្រកទៀតនៅរាំងស្ទះកំពង់រង់ចាំការដោះស្រាយគោលនយោបាយ​ ទី២)​នៅចុងប្រឡាយព្រែកហូរ ចាប់ពីប្រឡាយលេខ៣​ នៅពុំទាន់បានធ្វើការស្ដារ​ ដោយ​សារ​កំពុងរង់ចាំ​ការដោះស្រាយផលប៉ះពាល់។

ទន្ទឹម​នឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់បន្ថែមថា​​ ​​ប្រឡាយភ្ជាប់លេខ៣ ត្រង់ប្រឡាយ៩៦ ស្ថានភាពទឹកហូរបានលឿនគួរសម ចំណែក​តំបន់ព្រែកថី ទឹកហូរបានលឿនចេញទៅទន្លេ​បាសាក់និងបានស្រកពីកម្រិត​កម្ពស់​ ៥,០៥ម៉ែត្រ មកត្រឹម ៤,៩៥ម៉ែត្រ។​

សូមជម្រាបថា​ កាលពី​ឆ្នាំកន្លងទៅ ទឹកហូរបែកវាលទៅតំបន់អាកាសយានដ្ឋាន​អន្តរជាតិតេជោ​ និងរំដោះបានច្រើន ប៉ុន្តែបច្ចុប្បន្នទឹកពុំអាចហូរចូលអាកាសយានដ្ឋាន​ថ្មីបានទេ គឺ​ទឹក​នៅប្រមូលផ្តុំតែក្នុងស្ទឹង​មិនហូរបែកវាល ហើយក្នុងករណីពុំមានភ្លៀងបន្ថែម​ ​នោះទឹកនឹងបន្តស្រកចុះវិញ។

ក្នុងឱកាសចុះពិនិត្យ​ស្ថានភាពទឹក​នេះដែរ​​ ឯកឧត្តមរដ្ឋមន្ត្រី​​ ដោយមានការឯកភាពពីអាជ្ញាធរខេត្តកណ្តាល​បានបញ្ជាឱ្យ​កាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ ដោយមាន​មុខកាត់ចន្លោះពី១០-២០ម៉ែត្រ​ និង​កាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋាន​ថ្មី ចំនួន ៣ទីតាំង ដោយ១ទីតាំងកាយយ៉ាង​ហោចណាស់ ៣០ម៉ែត្រ​ ដើម្បីជួយ​រំដោះទឹកជាបណ្តោះអាសន្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *