ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំមន្ដ្រីជំនាញ អញ្ជើញចុះត្រួតពិនិត្យស្ថានីយបូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ជាលើកទី២ ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង២៨គ.ម ហូរឆ្លងកាត់ស្រុកចំនួន៣!

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកស៊ីធរកណ្ដាល អភិបាលស្រុកស្វាយអន្ទរ និងមេឃុំទាំង៦ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយបូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ជាលើកទី២ ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង២៨គ.ម ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។

ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងលើកទី១ មានចំនួន២.៩៦៩ហិកតា ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៦នៃស្រុកស្វាយអន្ទរ គឺឃុំព្រៃខ្លា ,ជាខ្លាង ,ស្វាយអន្ទរ ,​អង្គរទ្រេត ,មេបុណ្យ និងដំរីពួន។

សូមបញ្ជាក់ជូនថា ប្រភពទឹកនៃស្ថានីយបូមទឹកទី២នេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។