ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ចាម-ត្បូងឃ្មុំ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ចាម-ត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។

អញ្ជើញមាបប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

យោងតាមរបាយកាណ៏របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្តបេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនាសម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អតីតកាលនៃនិវត្តជន គឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមគំនិតបង្កើត នូវសមាគមសិង្គហៈមិត្តនេះឡើង ដើម្បីធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ដែលជាយន្តការទំនាក់ទំនង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិកកិត្តិយសនៃសមាគមសិង្គហៈមិត្ត, ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកិត្តិយសសមាគម និងលោកជំទាវ កែវ ចរិយា ជាប្រធានក្រុមប្រឹក្សាភិបាល។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់នៃសមាគម សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារដ៏មានសារសំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធិភាពនៃការបំពេញមុខងារ និងភារកិច្ចមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ ”បង្គោលចរឆ្នាំ២០៣០” គឺកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ និងបន្តគាំទ្រឱ្យសម្រេចបាន ”ចក្ខុវិស័យ២០៥០” គឺកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងបន្តការចុះសួរសុខទុក្ខដល់និវត្ដន៍ជនតាមលំនៅដ្ឋាននីមួយៗជាបន្តបន្ទាប់ទៀត ដូចជា៖ ការចុះសួរសុខទុក្ខនិវត្ដជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដើម។ បន្ថែមលើនេះ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំមួយរូប ខ្ញុំសូមផ្ដាំផ្ញើដល់មន្ត្រីរាជការដែលកំពុងបម្រើការងារនៅទូទាំងខេត្តកំពង់ចាម និងខេត្ដត្បូងឃ្មុំនេះ សូមបន្តអនុវត្តតាមគោលនយោបាយ និងកម្មវិធីកំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាលរួមមាន៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។

សម្រាប់និវត្តជនដែលបានចូលរួមថ្ងៃនេះ ក៏បានទទួលអំណោយពីលោកជំទាវ អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរសទទួលបានក្រម៉ា ០១ និងថវិកា ២០ម៉ឺនរៀល ចំណែកស្ត្រីទទួលបានសំពត់សឹង ០១ក្បិន និងថវិកា ២០ម៉ឺនរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។