ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ​ពិសេស​របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ​អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍​យ៉ាង​កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។

ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ​ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស​នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច​បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។