(ភ្នំពេញ) ៖ ផ្ទះឈើខាងលើ និងបន្ទប់ថ្មក្រោម ១ខ្នង ដែលជាផ្ទះរបស់លោកមេភូមិរង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ នៅក្នុងនោះទាំងអស់ផងដែរ ដែលសមត្ថកិច្ចបានប្រាប់ថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពីខ្សែភ្លើងឆ្នាំងសាកទូរសព្ទ ប៉ុន្តែប្ដីប្រពន្ធម្ចាស់ផ្ទះមិនបានរងរបួសឡើយ ។
គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ កុយ ឈឺន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាមេភូមិរង នៅភូមិកើតហេតុ មានប្រពន្ធឈ្មោះ មុំ ច្រឹប អាយុ៥៨ឆ្នាំ ចំណែកផ្ទះរបស់គាត់ ដែលត្រូវភ្លើងឆេះនោះ សាងសង់ពីឈើខាងលើ និងបន្ទប់ថ្មខាងក្រោម ទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ប្រក់ក្បឿង ។
លោកមេភូមិរង បាននិយាយថា នៅមុនពេលកើតហេតុ ខណៈពេលគាត់ និងប្រពន្ធកំពុងស្ថិតនៅខាងក្រោមផ្ទះ ស្រាប់តែមានភ្លើងឆាបឆេះនៅខាងលើសន្ធោសន្ធៅទៅហើយ ទើបពួកគាត់ដឹង។ ពេលនោះគាត់ ពុំបានយកអ្វីចេញទាន់ ក្រៅតែរត់ចេញកុំឲ្យមានគ្រោះថ្នាក់នោះទេ ព្រោះភ្លើងឆេះលឿនខ្លាំងណាស់ ហើយត្រឹមតែមួយប៉ព្រិចភ្នែក ផ្ទះទាំងមូលរួមជាមួយ ទូ គ្រែ ពូក សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ជាច្រើនទៀត ត្រូវភ្លើងឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានលុយកាកាក់មាសប្រាក់ច្រើននោះទេ ។
សមត្ថកិច្ច បាននិយាយថា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខ្សែភ្លើងឆ្នាំងសាកទូរសព្ទ ហើយមានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅពន្លត់ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅសាលាខណ្ឌកំបូល១គ្រឿង, រថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មី២គ្រឿង,រថយន្តពន្លត់អគ្គិភ័យកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ មួយគ្រឿង, រថយន្តពន្លត់អគ្គិភ័យខេត្តកណ្ដាល១គ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ទើបរលត់ទាំងស្រុង មិនឆេះរាលដល់កន្លែងផ្សេងឡើយ ៕សហការី