ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបើករថយន្តបុករះកន្លែងលក់ផ្លែឈើនៅស្តុបកោសដូង​រងការខូចខាត

(ភ្នំពេញ)​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងបុករះកន្លែងលក់ផ្លែឈើបណ្ដាលឱ្យរងការខូចខាត​ តែមិនបង្កឱ្យមានមនុស្សរបួសនោះទេ​ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជីវករលក់ដូរ​ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០​ កែងនិងផ្លូវម៉ៅសេទុង​ ត្រង់ចំណុចស្តុបកោសដូង​ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា​បានបើករថយន្តម៉ាក​ ឡិចស៊ីសRX400h ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BN-7352 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនមធ្យម​ ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករះកន្លែងលក់ផ្លែឈើនៅលើចិញ្ចេីមផ្លូវបណ្ដាលឱ្យផ្លែឈើខ្ទាតរាយប៉ាយពេញផ្លូវរងការខូចខាត តែសំណាងដែរអ្នកលក់ដូររត់ចែកជើងគ្នាមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋានបានចុះមកចំណុចកើតហេតុដេីម្បីពិនិត្យ​ ដោយមិនឃេីញប៉ះពាល់ដល់សម្បត្តិរដ្ឋក៏ដូចជាមិនបង្កឱ្យមនុស្សរងរបួស​ ទេីបសមត្ថកិច្ចមូលដ្ឋានឱ្យភាគីខាងរថយន្តបង្កធ្វើការដោះស្រាយគ្នាជាមួយខាងភាគីអាជីវកររងគ្រោះលក់ផ្លែឈើ​ ដោយភាគីបង្កព្រមសងរាល់ការខូចខាតទាំងអស់ដល់ភាគីរងគ្រោះដើម្បីបញ្ចប់រឿង​ ៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។