ព័ត៌មានជាតិ

រកឃើញសារធាតុញៀ.ន លើមន្រ្តីនគរបាលខេត្តបាត់ដំបងចំនួន០៦នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ!

(បាត់ដំបង) ៖ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ចំនួន​០៦​រូប​ក្នុង​ចំណោម​មន្ត្រី​នគរបាល​ជាតិ សរុប​ចំនួន​៥៩​រូប​ទូ​ទាំង​ប្រទេស​ចំណុះ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ល្មើស​វិន័យ​កងកម្លាំង ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រេច​បណ្ដេញ​ចេញពី​ក្រម​ខ័​ណ្ឌ ហើយ​សេចក្ដី​ប្រកាស​នេះ ត្រូវ​បាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហោះ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី​០៧ មិ​នា ឆ្នាំ​២០២៤ ម្សិលមិញនេះ ។

យោង​តាម​ប្រកាស​ស្ដី​ពី​«​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​» លេខ​៨៣៦ ប្រក ចុះ​ថ្ងៃ​ទី ០១ មិ​នា ឆ្នាំ​២០២៤ ចុះហត្ថលេខា​ដោយ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​៥៩​រូប ចំណុះ​ឲ្យ​អគ្គស្នងការ​ស្នងការ​នគរបាល​ជាតិ ត្រូវ​បាន​សម្រេច​បណ្ដេញ​ពី​ក្របខ័ណ្ឌ ដោយសារ​តែ​មន្ត្រី​ទាំងនេះ «​ល្មើស​នឹង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​»​។

បទល្មើស​ដែល​មន្ត្រី​នគរបាល​ចំនួន​៥៩​រូប​ខាងលើ​នេះ បាន​ប្រព្រឹត្ត​នេះ ត្រូវ​គេ​និយាយ​យ៉ាង​ទូលំទូលាយ​ថា ផ្ដើម​ចេញពី​កំហុស​ភាគច្រើន​គឺ​«​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​»​។

នៅ​ក្នុង​ចំណោម​មន្ត្រី​ដែល​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ទាំង​៥៩​រូប ទូ​ទាំង​ប្រទេស គឺ​មាន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​០៦​រូប នៅ​ក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

មន្ត្រី​ល្មើស​វិន័យ​កងកម្លាំង​ទាំង​០៦​រូប នៅ​ស្នងការ​ខេត្តបាត់ដំបង ដែល​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​រួម​មាន ៖

១.​លោក​វរសេនីយ៍ត្រី មាន ស្រូ​ច អត្តលេខ ៣៥៧២៣ នាយ​ប៉ុស្ដិ៍​២០៣ នៃ​វរ​សា​នា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០

២, លោក​អនុសេនីយ៍ឯក រស់ សេក អត្តលេខ ២២០៩៦ នាយ​រង​ប៉ុស្ដិ៍​នគរបាល រដ្ឋបាល​អូរ​ចា​នៃ​អធិការ​ក្រុង​បាត់ដំបង ។

៣.​លោក​អនុសេនីយ៍ឯក ហូ ហៃ អត្តលេខ​៥១៧៤៧ មន្ត្រី នៃ​វរ​សេនា​តូច​ការពារ​ព្រំដែនគោល​លេខ​៨១៩ ។

៤,​លោក​អនុ​សេនី​យ៏​ឯក អុល ឌ​ន អត្តលេខ ៧០៥១៣ នាយ​ផ្នែក​សុខាភិបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ។

៥,​លោក​អនុសេនីយ៍ឯក អ៊ុយ សុ​វ​ណ្ណា អត្តលេខ ៦៧៨៩០ មន្ត្រី​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ។

៦,​លោក​ពេជ្រ សុ​ខាន់ អត្តលេខ ៦៤៧០៧ មន្ត្រី នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ។

សូម​រំលឹក​ថា បើ​គិត​មក​ទល់​ពេល​នេះ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ចំនួន​០៨​រូប​ហើយ រាប់​ទាំង​មន្ត្រី​០២​រូប ដែល​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ។

មន្ត្រី​០២​រូប ដែល​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដំបូង​គេ​នោះ ១​លោក​អនុសេនីយ៍ទោ ធេង ដួង​សុវណ្ណ​ថៃ អត្តលេខ ៧៣០៧៤ មន្ត្រី​នៃ​ការិយាល័យ​អន្តរាគមន៍ និង​ត​ម្រូ​ត​បទបញ្ជា​នៃ​ស្នងការ​ខេត្ត និង​២​លោក​អនុសេនីយ៍ឯក ញ៉ែ​ម ច័ន្ទ​រតនៈ អត្តលេខ​៧៤៨៥៥ អធិការរង​នគរបាល​ក្រុង​បាត់ដំបង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច មន្ត្រី​នគរបាល នៃ​ស្នងការ​ខេត្តបាត់ដំបង ដែល​ក្រសួងមហាផ្ទៃ សម្រេច​ដកហូត​មុខ​ដំណែង រួច​សម្រេច​បណ្ដេញ​ចេញពី​ក្រម​ខ័​ណ្ឌ​ជា​បន្តបន្ទាប់​ចំនួន​០៨​រូប​ខាងលើ​នេះ បាន​ប្រព្រឹត្ត​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ដែល​កំហុស​ភាគច្រើន​ផ្ដើម​ចេញពី​ការ​«​ប្រើប្រាស​គ្រឿង​ញៀ​.​ន​» ដែល​ត្រូវ​បាន​គេ​រក​ឃើញ​តាម​រយៈ​ការ​ធ្វើតេស្ដ​ទឹកនោម កាលពី​ខែ​មុន​នេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។