ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅក្នុងខេត្តពោធិ៏សាត់

(ពោធិ៍សាត់) ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យទី២៤ ខែមីនាឆ្នាំ២០២៤ បានចុះពិនិត្យដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ដែលមាន៣ទីតាំក្នុងតំបន់ស្នូល និង២ទីតាំងនៅក្រៅតំបន់ សរុបទំហំជាង៤៣ហិចតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថាគម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយ ចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាន៍ថា ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការ គ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។

សូមជម្រាបជូនថា កន្លងមកនេះ ក្រសួងបរិស្ថាន ត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សា ឆ្នាំ ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការ មានចំនួនជាង ១លានដើមក្នុងការដាំស្តារព្រៃឈើ នៅរដូវវស្សាឆ្នាំ២០២៤នេះ ក្នុងនោះ មន្ទីរបរិស្ថានរាជធានីខេត្តនានា បានបណ្តុះកូនឈើ បានចំនួនជាង៧០ម៉ឺនដើម និងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយលទៅដាំតាមផ្ទះ សាលារៀន វតត្តអារាម និងនភតាមសហគមន៍ និងដោយឡែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួនជាង៣០ម៉ឺន ដើមថែមទៀតសម្រាប់យុទ្ធនាការចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី តំបន់វិនិយោគអភិវឌ្ឍទេសចរណ៏ធម្មជាតិ ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋា ភិបាល គឺត្រូវបានដកហូតមកវិញ ដោយឃ្លុំទុក ដើម្បីដាំស្តារព្រៃឡើងវិញ។ ជាមួយគ្នានេះ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូតត្រឡប់មកវិញ ពីការកាប់ទន្រ្ទាន និងព្រៃរិចរិលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ជាមួយនឹងការចុះពិនិត្យដល់មូលដ្ឋានតំបន់ការពារនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីបរិស្ថាន បានសំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមដាំកូនឈើ ឱ្យបានច្រើន និងបន្តចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើលធនធានធម្មជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។