ព័ត៌មានជាតិ

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍សាខាខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជន កក្រកសរុប៥០នាក់ នៃវិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ឮ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍សាខា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជន កក្រកសរុប៥០នាក់ នៃវិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោក បាន ស្រេង អភិបាលរងស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងត្រង់ ព្រមទាំង លោកគ្រូនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និង ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជាផងដែរ។
តាមរបាយការណ៍របស់លោក ទូច ឆៃ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា តាមការធ្វើបច្ចុប្បន្នភាព គិតត្រឹមខែ មីនា ឆ្នាំ២០២៤ នេះ សាលាគោលដៅទូទាំងស្រុកស្ទឹងត្រង់ មាន វិទ្យាល័យចំនួន ៤ មានទីប្រឹក្សាយុវជន ៨ នាក់ (ស្រី ៣ នាក់) និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០០ នាក់ (ស្រី ៨៦ នាក់) ។ ដោយឡែក នាឱកាសនេះ មានយុវជន បំពាក់កន្សែងកាកបាទក្រហមកម្ពុជា ដែលបាន មកពីវិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រង់ ចំនួន ៥០ នាក់ (ស្រី ៣ នាក់) ក្នុងនេះ រៀនថ្នាក់ទី១១ ចំនួន ១០ នាក់ និង ថ្នាក់ទី១០ ចំនួន ៤០ នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ បានលើកឡើងថា ក្មួយៗ ជាយុវជន ក.ក្រ.ក ថ្មីទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។