ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល

(តាកែវ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់ នៅកម្ពុជាដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ប្រកប ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សបានអញ្ជើញចូលរួមសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅស្រុកបាទី ខេត្តតាកែវ នាពេលនេះ។សម្តេចធិបតី បានចាត់ទុកវត្តមានកសិដ្ឋានគិរីសួគ៌ ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀត លើវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។

សម្តេចធបិតី បាននាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាឱកាសនេះ។សម្តេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជូនកាលពីខែកក្កដា ឆ្នាំ២០២៣ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាបន្តបន្ទាប់។ សម្តេចបានចាត់ទុកការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការផ្តល់សច្ចធម៌ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លើកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។

សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្រោយការបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រហូតដល់ពេលជួបជំងឺកូវីដ១៩ កម្ពុជា គឺជាប្រទេសមានការអភិវឌ្ឍ និងស្ថានភាពសេដ្ឋកិច្ចល្អ ដោយរក្សាកំណើនប្រមាណ៧ភាគរយ។ សម្តេចធិបតីបានថ្លែងទៀតថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ តែទោះយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា បានប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។

ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមគោយកទៅដោះនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំ កម្ពុជានាំទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៩៤លានដុល្លារ។ សម្តេចធិបតី រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងជួយផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយទប់ស្កាត់ការហូរចូលផលិតផលពីក្រៅប្រទេសបាន។ ការផលិតជាមួយគុណភាពល្អ ហើយរក្សាបានតម្លៃធូរជាងផលិតផលនាំពីក្រៅ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសលើពិភពលោកស្ទើរតែ៩០ភាគរយ សុទ្ធតែជាប្រទេសផលិតផលិតផលសកិកម្ម។ ដូច្នេះដើម្បីជំរុញកសិផលខ្មែរឱ្យមានទីផ្សារល្អ ទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់។សម្តេចបន្តថា ក្នុងមួយត្រីមាសឆ្នាំ២០២៤ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតផលចំនួន ១០៦គម្រោង ជាមួយទុនវិនិយោគប្រមាណ ២.២ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១០៧ពាន់កន្លែង។ ខេត្តតាកែវ ជាខេត្តមួយ មានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍ គឺធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍត្រូវធ្វើឱ្យល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។ ការអភិវឌ្ឍ គឺធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍត្រូវធ្វើឱ្យល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ព្រែកជីក ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច។ ព្រែកជីកហ្វូណនតេជោនេះ មានទទឹង ១០០ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ ដឹកបានទម្ងន់បាម៣ពាន់តោន។ ព្រែកជីកហ្វូណន-តេជោ ប្រវែង ១៨០គីឡូម៉ែត្រ ក្នុងនោះ ១៣៥គីឡូម៉ែត្រ ជាព្រែកមានតម្រាយផ្លូវទឹកស្រាប់ គ្រាន់តែពង្រីកឱ្យធំប៉ុណ្ណោះ។ គម្រោងនេះ ត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់។ គម្រោងព្រែកជីកនេះ មានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា កម្ពុជាគ្មានច្បាប់អនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ។ កម្ពុជា រាប់រកមិត្តគ្រប់ទីកន្លែងដោយសុខសន្តិភាព។
ព្រែកជីកនេះ មានលក្ខណៈបច្ចេកទេស ជម្រៅទឹកត្រឹម ៤.៥ម៉ែត្រ មិនអាចឱ្យនាវាដឹកយន្តហោះចល័តបាននោះឡើយ។ កម្ពុជាគ្មាននយោបាយធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ គឺមានតែការចងមិត្តភាព។

សម្តេចធិបតី បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ។ វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល។ ក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា តែរាជរដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី។

មិនបានរវល់សោយសុខនឹងជ័យជម្នះរបស់ខ្លួននោះឡើយ ពោលគឺបានប្រឹងប្រែងជាប់ជានិច្ច ដើម្បីកសាង អភិវឌ្ឍន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

នៅថ្ងៃនេះ សម្តេចធិបតី បានមានប្រសាសន៍ថា ឆ្នាំនេះអង្គរសង្រ្កាន្តយើងអត់បានធ្វើទេ តែសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស បានរៀបចំធ្វើទាំងអស់គ្នា សូមបងប្អូនប្រជាពលរដ្ឋចូលរួមលេងសប្បាយជាមួយល្បែងប្រជាប្រិយទាំងអស់គ្នា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយរីករាយទាំងអស់គ្នា និងការលេងសប្បាយត្រូវចេះគោរពគ្នាទៅវិញទៅមក កំពុងធ្វើអោយប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសូមជូនពរឱ្យពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។