ព័ត៌មានអន្តរជាតិ

ឥណ្ឌាចាក់វ៉ាក់សាំងជូនប្រជាជនបាន «៣៦លានដូស» និងគ្មានការព្រួយបារម្ភ ចំពោះវ៉ាក់សាំង AstraZeneca ដែលខ្លួនកំពុងប្រើនោះឡើយ

(ញូដេលី)៖ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានអះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន នឹងបន្តទៅមុខទៀតជាមួយ «ភាពម៉ត់ចត់បំផុត» បើទោះបីជាមានការព្រួយបារម្ភខ្លះ នៅខាងប៉ែកអ៊ឺរ៉ុបអំពីបញ្ហាសុវត្ថិភាព នៃវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដែលឥណ្ឌាជាអ្នកទទួលសិទ្ធិផលិតក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហ្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារត្រួតពិនិត្យឱសថអ៊ឺរ៉ុប (EMA) កំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ចំនួន ៣០ករណី ស្តីពីភាពមិនប្រក្រតីនៃចរន្តឈាម ក្នុងចំណោមមនុស្ស ៥លាននាក់ក្រោយទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca នេះនៅក្នុងតំបន់។

ចាប់តាំងពីចាប់ផ្តើមដំណើរការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីពាក់កណ្តាលខែមករាមក ប្រទេសឥណ្ឌា បានផ្តល់ការចាក់វ៉ាក់សាំងចំនួន ៣៦លានដូសជូនដល់ប្រជាជនរបស់ខ្លួន ដែលភាគច្រើនជាវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដែលត្រូវបានបង្កើតឡើងរួមគ្នា ជាមួយសាកលវិទ្យាល័យ Oxford និងត្រូវបានគេស្គាល់ក្នុងស្រុកឥណ្ឌាថា ខូវីសៀលដ៍ (Covishield)។

ប្រធានគណៈកម្មាធិការរដ្ឋាភិបាល ទទួលបន្ទុកវ៉ាក់សាំងនៃប្រទេសឥណ្ឌា លោក វីណូដ គុមារ ផល (Vinod Kumar Paul) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា «យើងមិនមានសញ្ញានៃការព្រួយបារម្ភអំពីបញ្ហានេះទេ។ អ្នកជំនាញនៅប្រទេសរបស់យើង បានពិនិត្យមើលយ៉ាងល្អិតល្អន់លើបញ្ហានេះហើយ។ ដូច្នេះការចាក់វ៉ាក់សាំង Covishield នៅក្នុងប្រទេសរបស់យើង នឹងបន្តទៅមុខទៀតដោយភាពម៉ត់ចត់បំផុត»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលឥណ្ឌា បានចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់រដ្ឋនានាចំនួន ៧៥.៤លានដូសហើយ ដែលតិចជាងពាក់កណ្តាលនៃចំនួននេះ ត្រូវបានផ្តល់ការចាក់ជូនដល់ក្រុមបុគ្គលិកជួរមុខ ក្រុមមនុស្សចាស់ជរា និងក្រុមមនុស្សដែលមានអាយុលើសពី ៤៥ឆ្នាំ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។