ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សម្រេចយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ !

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងតំណាងក្រុមគ្រូពេទ្យ ឯកឧត្តម ហ៊ុន ណេង និងឯកឧត្តមនខៀវ កាញារីទ្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចបានស្នើមក ឯកឧត្តមអភិបាលខេត្តកំពង់ចាម ឲ្យយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាលីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។