ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកបក្សចំនួន ១២០០នាក់ ក្នុងបរិវេណវត្តសន្សំកុសលកោះប្រាក់ ឃុំកោះទទឹម ស្រុកកំពង់សៀម

(កំពង់ចាម) :នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកបក្សចំនួន ១២០០នាក់ ក្នុងបរិវេណវត្តសន្សំកុសលកោះប្រាក់ ឃុំកោះទទឹម ស្រុកកំពង់សៀម។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តមអនុប្រធានក្រុម ការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារចុះឃុំទទឹម ឃុំកោះមិត្ត និងឃុំកោះរកា លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំកោះទទឹម កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងភូមិ។

មានមតិសំណេះសំណាលជាមួយបងប្អូនយើង ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនសមាជិកបក្សដែលមានវត្តមាន និងបងប្អូនទូទាំងឃុំ ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ យោងលើរបាយករណ៍របស់លោកមេឃុំកោះទទឹម បានលើកឡើងអំពីស្នាដៃរបស់លោកប្រធាន អនុប្រធាន និងសមាជិកចុះឃុំកោះទទឹម បានចូលរួមយ៉ាងសកម្ម លះបងកាយ ចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីរួមគ្នាដោះ ស្រាយនូវរាល់បញ្ហាប្រឈមសំខាន់ៗដែលបងប្អូនមូលដ្ឋានបានជួបដូចជា៖ គោលនយោបាយ ក៣ គ្រោះថ្នាក់ចរាចរ ខ្យល់កន្រ្ទាក់ ជួសជុល និងកសាងផ្លូវលំ តភ្លើងសូឡាបំភ្លឺផ្លូវសាធារណ: តបណ្តាញអគ្គីសនី ចាក់ដីបំពេញនៅតាមបរិវេណសាលា ជួសជុលរបងសាលា ឧបត្ថម្ភចាស់ជរាគ្មានទីពឹង សង់ផ្ទះសប្បុរសធម៌ ជួសជុលដំបូលសាលារៀន និងសកម្មភាពចូល រួមទប់ស្កាត់ជំងឺកូវីដ-១៩ សាងសង់ស្នាក់ការបក្សឃុំ ជួយដោះស្រាយបញ្ហាជីវភាពជូនចំពោះបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ (អាល់កុល ម៉ាស ថ្នាំ) ជួយរៀបចំទីតាំងចត្តាឡីស័ក និងបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់បងប្អូននៅក្នុងមណ្ឌលចត្តាឡីស័ក។ល។ សមិទ្ធផលនេះ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ដោះស្រាយបញ្ហាជីវភាព និងទុក្ខលំបាករបស់បងប្អូននៅមូលដ្ឋានដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍមូលដ្ឋាន និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពមូលដ្ឋាន។

ឆ្លៀតយកឱកាសជួបជុំ ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពី ៖
១- ឆន្ទ:លះបង និងពុះពារគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ក្នុងការកៀរគរជំនួយទាំងវ៉ាក់សាំង និងថវិកាពីគ្រប់មជ្ឈដ្ឋាន សប្បុរសជន មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាជាវវ៉ាក់សាំងយកមកចាក់ជួនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាទាំងក្មេង ចាស់ បានទាន់ពេលវេលា ព្រមជាមួយ នឹងការដាក់ចេញនូវវិធានការសំខាន់ៗក្នុងការទប់ស្កាត់ជំងឺផ្លូវដង្ហើមដ៏គ្រោះថ្នាក់មួយនេះ។ អ្វីដែលយើងគ្រប់គ្នាទទួលបានដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតនោះ គឺសកម្មភាពសង្គម និងសេដ្ឋកិច្ចបានបើកឲ្យដំណើរការប្រក្រតីឡើងវិញ ហើយជាក់ស្តែងយើងបានមកជួបជុំគ្នានាព្រឹកនេះ។

២- កៀរគរជំនួយអន្តរជាតិ និងវិនិយោគិន ដុតដៃដុតជើងធ្វើយ៉ាងណាឲ្យសកម្មភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កសាងព្រលានយន្តហោះថ្មីខេត្តសៀមរាប និងការកសាង កំពង់ផែរទឹកជ្រៅក្នុងខេត្តកំពត។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ នឹងបំពេញតួនាទីស្តារសេដ្ឋកិច្ចជាតិ តាមរយ:ទទួលភ្ញៀវទេសចរណ៍ និងជំរុញការនាំចេញ ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

៣- សម្តេចតេជោនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខាងមុខ។ ក្នុងឱកាសនេះ សម្តេចនឹងថ្លែងសន្ទរកថាជូនមហាអំណាច និងប្រទេសសមាជិកអាស៊ានអំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសកម្ពុជាបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ហើយដើម្បីបំពេញតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។

៤- ការធ្វើចំណាកស្រុករបស់ពលករខ្មែរដើម្បីស្វែងរកការងារ។ ចំណុចនេះ ឯកឧត្តមបានបំភ្លឺជូនបងប្អូនជ្រាបច្បាស់ថា និន្នាការចំណាកស្រុក គឺជានិន្នការសកល មិនចំពោះតែកម្ពុជាទេ យើងទៅធ្វើការនៅប្រទេសគេ គេវិញក៏មកធ្វើការនៅកម្ពុជាយើងដែរ។ ចរន្តវាកើតឡើងទៅតាមការវិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ឧទាហរណ៍ប្រទេសនៅមជ្ឈឹមបូពារ៌ត្រូវការកម្មករជំនាញខាងសំណង់ ប្រទេសកសិកម្មរីកចម្រើនគេត្រូវការកម្មករជំនាញកសិកម្ម ដោយឡែកកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍត្រូវការធនធានមនុស្ស អញ្ចឹងហើយបានជាឃើញមានចំរុះជាតិសាសន៍មកធ្វើការនៅ កម្ពុជាជាគ្រូវបង្រៀនភាសា មន្រ្តីជំនាញ កម្មកររោងចក្រ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និង ធនាគារ។ល។ រៀងរាល់ឆ្នាំពលករយើងបានផ្ញើប្រាក់រយលានដុល្លារមកជូនគ្រួសារ ហើយនៅ ពេលគេចប់កុងត្រាត្រឡប់មកមាតុប្រទេសវិញបាននាំយកមកជាមួយនូវជំនាញ និងបទពិសោធន៍ការងារបច្ចេកទេសមកចូលរួមកសាងប្រទេស។

បច្ចុប្បន្នសកម្មភាពសង្គមបានចាប់ដំណើរការដូចប្រក្រតីវិញ ឯកឧត្តមបានណែនាំឲ្យបងប្អូន ៖
១- ខិតខំ យកចិត្តទុកដាក់បន្ត ការងារដែលជាការងារអាជីពគោលរបស់គ្រួសារ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ ជាពិសេសធានាសន្តិសុខស្បៀង។

២- ត្រូវប្រកាន់គោលការណ៍រស់នៅស្អាត ហូបស្អាត និងផឹកស្អាតដើម្បីសុខភាព និងត្រូវសហការធ្វើអនាម័យនៅផ្ទះសំបែង និងទីសាធារណ: ដើម្បីការពារបរិស្ថាន និងជំងឺឆ្លង។

៣- សំណូមពរឲ្យប្រជាជនយកចិត្តទុកដាក់ ធ្វើការដាំដុះនៅជំវិញផ្ទះ ជាបន្លែ ជី ខ្ទឹម ចិញ្ចឹម ត្រី សត្វ ដែលជាស្បៀងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ដោយ ឡែក អ្នកចំការត្រូវបន្តព្យាយាមដាំដុះដោយប្រើប្រាស់បច្ចេកទេសដើម្បីលើកកម្ពស់បរិមាណ និងគុណភាព។

៤- លើកទឹកចិត្តបញ្ជូនកូនៗ និងចៅៗ ឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀស ឲ្យផុតពីអនក្ខរភាព ជាទំពាំងស្នងឬស្សីដ៏ល្អ និងចៀសឲ្យផុតពីភាពក្រីក្រ និងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។

ចុងបញ្ចប់ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំកោះទទឹមទទួលបានជោគជ័យឈ្នះឆ្នោតនាពេលខាងមុខ គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។