ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ថ្លែងថា៖ «ដើម្បី ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ មុនគេ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ ត្រូវចេះការពារខ្លួន កុំឲ្យមានជម្ងឺនេះ»

(កំពង់ចាម) ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ថ្លែងថា ៖ «ដើម្បី ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ មុនគេ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ ត្រូវចេះការពារខ្លួន កុំឲ្យមានជម្ងឺនេះ» ។ បើបុគ្គលម្នាក់ៗ អាចការពារបាន គឺអាចការពារ ទៅដល់គ្រួសារមួយ ។ គ្រួសារមួយ អាចការពារបាន នោះគឺយើងអាចការពារ មិនឲ្យឆ្លងទៅក្នុងសហគមន៍ ទាំងមូលបានហើយ» ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលឯកឧត្ដម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ជូនប្រជាពលរដ្ឋ ជួបការខ្វះខាតក្នុងជីវភាព ដោយវិបត្តិកូវីដ ១៩ចំនួន ១.៥០០គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា កត្តាសំខាន់ គឺការចូលរួមការពារ ដោយផ្ដើមចេញពីខ្លួនយើងផ្ទាល់ តាមរយៈ ការអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» ដែលសម្ដេចតេជោ តែងតែលើកឡើង នៅគ្រប់វេទិកា និងក្នុងកម្មវិធីនានា ។ ក្រៅពីនោះ ក្រសួងសុខាភិបាល បានចេញនូវសារអប់រំនានា ហើយអាជ្ញាធរ ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏តែងបានខិតខំប្រឹងប្រែងផងដែរ ក្នុងការកំណត់ប្រភពដើមនៃការចម្លង តាមរយៈ ការយកសំណាកពិនិត្យ និងដាក់ឲ្យទៅធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ឬសង្ស័យវិជ្ជមានកូវីដ-១៩។ រីឯអ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅព្យាបាល ឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺដ៏កាចសាហាវនេះ ទៅក្នុងសហគមន៍កម្ពុជា ជាបន្តទៀត។ ដូច្នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស និងចេះសម្របខ្លួន រស់នៅក្នុងគន្លងថ្មី នៃបរិបទកូវីដ ១៩ ពោលគឺ រស់នៅដោមានអនាម័យ ចេះការពារខ្លួន ត្រូវពាក់ម៉ាស់ កុំទៅកន្លែង ដែលមានមនុស្សច្រើន និងលាងដៃជាប្រចាំ ជាមួយសាប៊ូ ឬទឹកអាល់កុល ។

ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា ដោយផ្អែកតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរ មកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អំពីផលលំបាកនានា ដើម្បី រកវិធីដោះស្រាយ និងបន្ធូរបន្ទុក ទើបថ្ងៃនេះ តាមរយៈឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងលោកជំទាវ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជូនប្រជាពលរដ្ឋយើង ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

ជាក់ស្ដែង នាបច្ចុប្បន្ននេះ នៅកន្លែងធ្វើការ និងរោងចក្រសហគ្រាសមួយចំនួន ត្រូវបានបិទទ្វារ ដោយបង្ខំ ដែលធ្វើឲ្យសមាជិកក្នុងគ្រួសារ មិនអាចចេញទៅប្រកបមុខរបរទទួល នៅខាងក្រៅបាន ធ្វើឲ្យប៉ះពាល់ ដល់ជីវភាពក្នុងគ្រួសារ ទើបអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ បានរៀបចំអំណោយទាំងនេះ ចែកជូនបងប្អូន ក្នុងចំណែកស្មើៗគ្នា ដើម្បី ដោះស្រាយការលំបាក បានមួយអន្លើ ។

គូសបញ្ជាក់ថា៖ អំណោយរបស់ អំណោយរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ចែកអំណោយ ជូនប្រជាពលរដ្ឋនាឱកាសនោះ ក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២០គីឡូក្រាម និងត្រីខ ១យួរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។