ព័ត៌មានជាតិ

លោក ឃួង ស្រេង ដឹកមន្ដ្រីរាជការចុះ ចែកម៉ាស់ជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវដើម្បីការពារជំងឺកូវីដ-១៩

(ភ្នំពេញ) ÷លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចុះទៅដល់គោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ ការធ្វើបែបនេះគឺដើម្បីជាការរំលឹកឱ្យប្រជាពលរដ្ឋពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាព ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានផ្ដាំផ្ញើនិងណែនាំឱ្យប៉ូលិសចរាចរណ៍ដែលឈរនៅគោលដៅនោះ បន្តការចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ឱ្យពួកគាត់ពាក់ម៉ាស់។

លោកបញ្ជាក់ថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ–១៩ ។ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។