ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង បានរៀបចំពិធីប្រកាសដាក់អោយដំណើរការ ច្រកអន្តរជាតិមុឺនជ័យ តិនណា ជាបណ្ដោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត

(ខេត្តព្រៃវែង) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានជាអធិបតី ជាមួយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម)នេះ ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជំរាបថា ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមផ្ដាំផ្ញើរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃអោយបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនអោយបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ ទន្ទឹមនិងនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ គណៈអធិបតី និងអង្គពិធីទាំងមូល បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។