ព័ត៌មានជាតិ

អភិបាលឧត្តរមានជ័យ ដឹកនាំប្រតិភូប្រជុំពិភាក្សាជាមួយគណ:ប្រតិភូខេត្តសុរិន្ទន៌ នៅច្រកទ្វារព្រំដែនអន្ទរជាតិអូរស្មាច់ ដើម្បីពង្រឹងសហប្រតិបត្តិការ និងពិភាក្សាលើការអនុវត្តន៌រួមគ្នា នៅក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩!

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃសុក្រទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ។

ក្នុងនោះដែរក៏មានការអមដំណើរដោយ ឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ-អង្គភាពពាក់ព័ន្ធ មួយចំនួនទៀតបានចូលរួមផងដែរ។ ជាលទ្ធទ្ធផលក្នុងជំនួបនេះអាជ្ញាធរទាំងទាំងពីរ បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន។ បន្តជួយរក្សាសុខសុវត្ថិភាព និងសុខមាលភាពជូនពលរដ្ឋ ខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ពិសេសអ្នកដែលអាចស្នាក់នៅហួសទិដ្ឋាការកំណត់ក្នុងអំឡុងពេលនៃវិបត្តិជាសកលដ៏អាក្រក់នេះ។ បន្តអនុញ្ញាតឲ្យឆ្លងកាត់ចេញ-ចូលរាល់ទំនិញដែលមានលក្ខណៈពាណិជ្ជកម្មដូចដែលបានឯកភាពគ្នាកន្លងមក។ បន្តទាក់ទងគ្នាជាប់ជាប្រចាំ និងសហប្រតិបត្តិការល្អ ពិសេសជូនព័ត៌មានគ្នាទៅវិញទៅមកពេលមានការវិវត្តប្រែប្រួលនានាឲ្យបានទាន់ ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើថៃជួយថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជនស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងពលករខ្មែរដែលកំពុងស្ថិត នៅក្នុងប្រទេសថៃ។ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងផងដែរថា ក្នុងអំឡុងពេលស្ថាន ភាពដ៏លំបាកនៃការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩នេះ ក៏មានមេខ្យល់នាំពលករឆ្លងដែន សូមឲ្យអាជ្ញាធរថៃបន្តពង្រឹង និងសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងស្វែងរកមេខ្យល់ទាំងខាងខ្មែរ និងខាងថៃមកដាក់ទោសតាមច្បាប់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ពលករឆ្លងដែនមកតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានប្រជាពលរដ្ឋខ្មែរចេញមកពីប្រទេសថៃចំនួន ៧៥.៨៤៦ នាក់ ស្រីចំនួន៣៤.០១៨ នាក់ ពលករក្នុងខេត្តឧត្ដរមានជ័យចំនួន១១.០៧០ នាក់ ពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៣៨២ នាក់ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩ នាក់ ព្យាបាលជាសះស្បើយចំនួន១៦ នាក់។

ឯកឧត្ដម នៅតែបន្តឲ្យក្រុមការងារឈរ ជើងនៅតាមច្រកព្រំដែន ដើម្បីពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យពួកគេដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ការពារកុំឱ្យមានការចម្លងមេរោគទៅក្រុមគ្រួសារ និងអ្នកដទៃ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។