ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមប្រគល់ និងទទួលរថយន្តសង្រ្គោះបន្ទាន់ ចំនួន១ គ្រឿង (Ambulance) របស់ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ សំរាប់បម្រើការងារសង្គម និងការងារជួយសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ

(ខេត្តព្រៃវែង) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមប្រគល់ និងទទួលរថយន្តសង្រ្គោះបន្ទាន់ ចំនួន១ គ្រឿង (Ambulance) របស់ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ខេត្តព្រៃវែង សំរាប់បម្រើការងារសង្គម និងការងារជួយសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេស យុទ្ធនាករសង្រ្គោះជនរងគ្រោះក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះតែម្តង។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅបរិវេណនៃសាលាខេត្តព្រៃវែង ដោយមានការ អញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)សាលាខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលនូវអំណោយដ៏ថ្លៃថ្លា ដែលបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ នាពេលនេះ ក្នុងខណៈពេលដែលមន្ទីរពេទ្យបង្អែកយើង កំពុងតែចូលរួមយ៉ាងសកម្មក្នុងការតស៊ូ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៍ដូចជា ពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទូទៅ ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។

ជាចុងក្រោយ ឯកឧត្តម ជា សុមេធី សូមជូនពរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមមានសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។