ព័ត៌មានជាតិ

រដ្ធបាលរាជធានីភ្នំពេញ ទទួលជំនួយជាថវិកា និងស្បៀងពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ

(ភ្នំពេញ) អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ក្រីក្រ ប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺនគ្រួសារ ដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ ខណៈដែល ប្រទេសកម្ពុជាបាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩នេះទៀតទេ។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវថវិកាមួយចំនួន ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍បន្តទៀតថា៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។