ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានរៀបចំខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២១។ពិធីនេះរៀបចំឡើងនៅបរិវេណសួនសាធារណមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត រួមនឹងមន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ថ្លៃងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំប្រារឰពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។ ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៨ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ប្រជារាស្ត្រខ្មែរគ្រប់ជំនាន់ តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្លៃបាន ពិសេស ព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រៀងរហូតមក។

តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពដឹងគុណ និងចងចាំជានិច្ចនូវពលិកម្មដ៏ឧត្តុង្គឧត្តមរបស់វីរៈយុទ្ធជន វីរៈយុទ្ធនារីដ៏អង់ឤចក្លាហានរបស់កម្ពុជាដែលបានពលីជីវិតដើម្បី ជាតិ សាសនា និងព្រះមហាក្សត្រ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត ការរីកចម្រើននៃសង្គមជាតិ។

ជាការសម្ដែងនូវការដឹងគុណដល់វីរយុទ្ធជនវីរៈយុទ្ធចិត្តនារីកម្ពុជាឯកឧត្តមអភិបាលខេត្តបាននាំយកអំណោយរបស់រដ្ឋបាលខេត្តជូនដល់អតីតយុទ្ធជនចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ មី ១កេសត្រីខ ១យួរ និងថវិកាចំនួន ១០០.០០០រៀល

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។