ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់!

(កំពង់ចាម) :ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋានធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តម​​​អភិបាលខេត្ត បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង៣៦លានរៀលនិងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩គម្រោងដែលត្រូវចំណាយថវិកាចំនួនជិត១ពាន់លានរៀលដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្តថាគម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចគ្រួសារកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រនិងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តមអភិបាលខេត្ត ក៌បានបញ្ជាក់ថាក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ និងអង្គភាពស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ចអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្តបានធ្វើឲ្យទីក្រុងទីប្រជុំជន និងជនបទមានភាពស្រស់បំព្រងគ្រប់រដូវកាល។

ជាក់ស្តែងទោះបីកម្ពុជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក៏អត្រានៃភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨%ក្នុងនោះអត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត១២,៦%និងតំបន់ជនបទ ២២,៨% បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែ វិច្ឆិកាឆ្នាំ២០២១ កន្លងទៅនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។