ព័ត៌មានជាតិ

រដ្ឋបាលសៀមរាប ជំរុញឱ្យវិស័យឯកជនខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ

 

(សៀមរាប) នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ដើម្បីជំរុញឲ្យមានការចូលរួមទាំងវិស័យរដ្ឋ និងឯកជន ខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលទេសចរណ៍សៀមរាប-អង្គរ ក្រៅពីប្រាសាទ ក្រោមអថដិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ យុវជនស.ស.យ.ក ព្រមទាំងប្រតិបត្តិករ- សេវាករទេសចរណ៍ ក្នុងខេត្តសៀមរាប ប្រមាណជាងជាង១០០នាក់។

លោកជំទាវ ហ៊ុន ដានី ការផ្តើមចេញពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកយ៉ាងសកម្ម លើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច ។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និង បរិយាប័ន្ន។

លោកជំទាវជំទាវបានបញ្ជាក់ថា ការអនុវត្ត និងជំរុញការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) គឺជាកិច្ចការអាទិភាពបំផុតសម្រាប់ដំណើរការទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មី។ បន្ថែមពីលើនេះ លោកជំទាវ ក៏បានសូមឲ្យប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការច្នៃប្រឌិតផលិតផលថ្មីៗ ប្លែកៗប្រកបដោយគុណភាព ពង្រឹងវិស័យបដិសណ្ឋារកិច្ចឲ្យកាន់តែល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការបើកទេសចរណ៍ឡើងវិញ រួមគ្នាទាំងវិស័យរដ្ឋនិងឯកជន ពង្រីកសក្តានុពលទេសចរណ៍ខេត្តសៀមរាបឲ្យកាន់តែសម្បូរបែបក្រោមរូបភាព (ទេសចរណ៍សៀមរាបអង្គរ ក្រៅពីប្រាសាទ) ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ដើម្បីត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាព ដែលបានចាក់វ៉ាក់សាំងពេញលេញចូលមកកម្ពុជា ក្រោមការណែនាំរបស់ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តបាននិងកំពុងខិតខំជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ។ ក្រៅពីនេះ ខេត្តសៀមរាប ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការជំនាញ ក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច ឱ្យបានកាន់តែល្អថែមទៀត និង បានជម្រុញការចូលរួមរបស់ស្ត្រី អនុវត្តផែនទីចង្អុលផ្លូវ(Road-Map) ស្តីពីការស្តារ និង លើកស្ទួយវិស័យទេសចរណ៍ផងដែរ។ ទន្ទឹមនឹងការងើបឡើងវិញនៃចលនាទេសចរក្នុងស្រុក មូលដ្ឋានអាជីវកម្មមួយចំនួនធំបានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាសឲ្យបុគ្គលិកបានចូលបម្រើការងារ ដែលក្នុងនោះមានទាំងស្ត្រីផងដែរ។ ស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងប្រក្រតីភាពថ្មី ហើយស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក្នុងន័យនេះ ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ សុវត្ថិភាព និង មានភាពធន់តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងសកម្មភាពការងារទេសចរណ៍របស់ស្ត្រី។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។