ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បាមអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង

(បាត់ដំបង) :នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាមអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានរាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គសន្និបាត អំពីលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៩ ពិសេសការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមវិធានការរបស់រាជរដ្ឋាភិបាល ព្រមទាំងលទ្ធផលនៃការពិភាក្សាប្រធានបទចំនួន៥របស់អង្គសន្និបាត។

ឯកឧត្តមអភិបាលខេត្តបន្តថាប្រធានបទពិភាក្សាទាំង៥ក្រុមនោះរួមមាន ការងារសន្តិសុខនិងគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងនិងអភិរក្សដែនគោក ព្រៃលិចទឹក និងដីរដ្ឋ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការផ្ដល់សេវារដ្ឋបាលនិងការងារស្ថិតិអត្រានុកូលដ្ឋាន និងវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំរួមសាមគ្គីគ្នាសហការការជិតស្និតជាមួយក្រុមការងាររាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងជួយអភិវឌ្ឍន៍ដល់ខេត្តបាត់ដំបងទាំងកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១។

សម្ដេចបានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថាជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយសារខេត្តបាត់ដំបងក៏ជាខេត្តមួយមានក្ដានុពល ហើយបើទោះបីជាមិនសូវមានសម្បត្តិវប្បធម៌ច្រើនធៀបនិងខេត្តមួយចំនួនទៀត ប៉ុន្តែបាត់ដំបងបានទទួលជ័យលាភីទីក្រុងបៃតងដែលមានអត្ថប្រយោជន៍ជួយដល់សុខភាពប្រជាពលរដ្ឋនិងបរិស្ថាន។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ជូនអង្គពិធីអំពីស្ថានភាពជំងឺកូវីដ-១៩ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ និងស្ថានការណ៍សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការសម្រេចិត្តរបស់កម្ពុជា និងការទទួលផលប៉ះពាល់ជាសាកលដោយសារសង្គ្រាមនេះ។

ពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាការរៀបចំផែនការលម្អិតដើម្បីបំរើឱ្យការការពារសន្តិសុខឱ្យបានល្អជាដាច់ខាត់គឺជាកិច្ចការចាំបាច់ដើម្បីបង្ហាញឱ្យអន្តរជាតិឃើញពីភាពរីកចំរើន និងចាស់ទុំខាងនយោបាយនៃគ្រប់ភាគី និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញារដ្ឋបាលកម្ពុជាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេ្យសេរីពហុបក្ស។

ពាក់ព័ន្ធនឹងការដោះស្រាបញ្ហារបស់ប្រជាពលរដ្ឋ សម្ដេចបានផ្ដល់ទស្សនទានដល់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងថា«យើងគួរបើកយុទ្ធនាកាវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែងច្រើនពេក អ៊ីចឹងអាចចុះទៅភូមិ រៀបចំនៅក្រោមដើមឈើ ក្រោមកុដិលោក ឬសាលារៀននាថ្ងៃទំនេរសៅរ៍អាទិត្យ ដើម្បីស្ដាប់សំណើរ សំណូមពរ និងកង្វល់ប្រជាពលរដ្ឋ»។

សម្ដេចបន្តថា«បញ្ហាអ្វីដែលអាចដោះស្រាយបាននៅនឹងកន្លែងត្រូវដោះស្រាយ ហើយត្រូវមានរបាយការណ៍ ដោះស្រាយបានអ្វី នៅសេសសល់អ្វី ហើយសូមថាធ្វើម៉េចកុំឱ្យពលរដ្ឋគាត់ខ្លាច ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថាជាមួយយើង ហើយយើងត្រូវប្រកាន់អកប្បកិរិយាបំរើគាត់ គាត់ជាចៅហ្វាយនាយមិនមែនយើងចុះទៅជាអ្នកធំ គាត់ជាអ្នកតូចតាចនោះទេ»។

សម្ដេចប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានស្នើឱ្យយុទ្ធនាការនេះត្រូវរៀបចំឱ្យបានចប់សព្វគ្រប់នៅពាក់កណ្ដាលខែមេសាឬសប្ដាហ៍ទី៣ខែមេសាឆ្នាំ២០២២ ពោលគឺឱ្យបានមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្ដេចថាការរៀបចំវេទិកាសាធារណៈនេះ ជាការភ្ជាប់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនិងជីវភាពរស់នៅរបស់ពលរដ្ឋ។

សម្ដេចក៏បានបន្តលើកឡើងអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងទំនួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាដំណើរការកែទម្រង់នេះ បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែរាជរដ្ឋាភិបាលមិនដកថយនោះឡើយ។

ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តឱ្យខេត្តបាត់ដំបងដែលកំពុងអនុវត្តសាកល្បងការផ្ទេរមុខងារគ្រប់គ្រងមត្តេយ្យសិក្សា និងបឋមសិក្សាឱ្យរដ្ឋបាលក្រុងស្រុកនោះ ត្រូវខិតខំអនុវត្តការងារនេះឱ្យបានល្អ និងជោគជ័យ ដើម្បីជាគម្រូសម្រាប់យកទៅអនុវត្តនៅទូទាំងប្រទេសដូចដែលរដ្ឋបាលខេត្តបាត់ដំបងនិងសៀមរាប ធ្លាប់អនុវត្តសាកល្បងការិយាល័យច្រកចេញចូលតែមួយ។

សម្ដេចបន្ថែមថាប្រសិនបើការអនុវត្តការផ្ទេរមត្តេយ្យសិក្សា និងបឋមសិក្សាទៅឱ្យរដ្ឋបាលក្រុងស្រុកអនុវត្តបានដោយរលូននៅទូទាំងប្រទេស រាជរដ្ឋាភិបាលក៏អាចនឹងពិចារណាផ្ទេរការគ្រប់គ្រងអនុវិទ្យាល័យនិងវិទ្យាល័យឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តដែរ។ សម្ដេចបន្តថាការងារនេះមានគោលដៅជំរុញភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះក៏មានវិស័យសុខាភិបាលដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់ទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិទាំងលើគោកនិងក្នុងទឹក ពិសេសធនធាននៅបឹងទន្លេសាប។ សម្ដេចក៏បានស្នើក្រុមការងាររាជរដ្ឋាភិបាលផ្ដល់ការគាំទ្ររដ្ឋបាលខេត្ត ដោយសង្កត់ធ្ងន់ថាបើធ្វើមិនបានល្អទេ នឹងទទួលការរិះគន់ពីអ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់បំផ្លាញផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានចញ្ចើមផ្លូវសម្រាប់ថ្មើជើង រៀបចំកែលម្អរសួនច្បារលើទ្រូងផ្លូវឱ្យបានស្អាតដើម្បីលើកកម្ពស់សោភណ្ឌភាព។ សម្ដេចថាការងារនេះទាមទារការបំផុសចលនាចូលរួមពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទើបទទួលបានជោគជ័យ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំរដ្ឋបាលខេត្ត និងអង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់លើរបៀបរបនៃការបំពេញការងារប្រចាំថ្ងៃ ទាំងការប្រជុំជាទៀងទាត់ ការចុះមូលដ្ឋានឱ្យបានជាប្រចាំដើម្បីភ្ជាប់ការងារតាមជំនាញរៀងៗខ្លួនទៅនឹងជីវភាពប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ឱ្យបាននូវអំពើអយុត្តិធម៌ក្នុងសង្គម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។