ព័ត៌មានជាតិ

ទៀនព្រះវស្សា​ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ត្រូវបានថ្នាក់ដឹកនាំខេត្តយកទៅប្រគេនវត្តវិសុទ្ធិមគ្គក្នុងស្រុកអង្គរធំ !

(សៀមរាប) ៖នៅព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និង ថវិកាមួយចំនួន ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិ បំពេញរាជ ឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន ទៀនព្រះវស្សា ១គួរ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ចំនួន ១២លានរៀល ប្រាក់ដុល្លា ១ពាន់៧០០ដុល្លា និង អំពូលភ្លើងសូឡា ៣០គ្រឿង និងជូនដល់ សីលវ័ន សីលវន្តី ចំនួន៤០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានធ្វើពិធីរាប់បាត្រ ព្រះសង្ឃ ១០០អង្គ ដើមី្បឧទ្ទិសថ្វាយមគ្គផលដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ជីដូនជីតា សាច់សារលោហិត ទៅតាមប្រវេណីទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

ឯកឧត្តម ទៀ សីហា បានលើកឡើងអំពីភាពជឿនលឿននិងការអភិវឌ្ឍរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យរបស់ខេត្តសៀមរាប និយាយដោយឡែកនិងនៅទូទាំងប្រទេសនិយាយជារួមគឺទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែងមិនថាតែទីក្រុង ទីប្រជុំជនឬជនបទនោះទេ ពោលគឺ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ឯកឧត្តម បានបន្តថា កត្តាសន្តិភាពនិងភាពរីកចម្រើននេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យនៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយផង និងជាឱកាសយើងរួមសាមគ្គីរួមគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា ក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើននិងគង់វង្សយូរអង្វែងតទៅមុខទៀត។

ឯកឧត្តម​ បញ្ជាក់ថាពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនព្រះធម៌ និងព្រះវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទព្រះសម្មាសាម្ពុទ្ធ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ មានចំនួនកើនឡើង៧៩,៦៩% បើប្រធៀបនឹងអាណត្តិកន្លងទៅចំនួនអ្នកបោះឆ្នោតនៅក្នុងខេត្តសៀមរាប។ ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បង្ហាញថា ប្រជាពលរដ្ឋលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អសនៈ លើ១២៥អសនៈ នៅក្នុងរដ្ឋសភា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។