ព័ត៌មានជាតិ

ចាប់ស្ត្រីគ្រូទាយម្នាក់ពីបទ​ឆបោក និង​បទ​​រំលោភ​លើ​ទំនុកចិត្ត ពាក់ពន្ឋ័ទឹកប្រាក់​ប្រមាណ​៥១​ម៉ឺន​ដុល្លារ​អា​មេ​​រិ​ក !

(ភ្នំពេញ) : ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ភាគច្រើន​គេ​ស្គាល់​គាត់ ជា​គ្រូទាយ​មើលជោគជតារាសីនៅ​ប្លុក​បុរី​ពិភព​ថ្មី(កំ​បូល​២) ​​បុរី​ពិភព​ថ្មី(​កំបូល​៣) កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ពី​បទ​.​ឆបោក និង​​បទ​.​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​ទឹកប្រាក់​ប្រមាណ​៥១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រឿង​លក់​ដី​ខ្យល់​ជាង​​៥០​ហិ​កតា នៅ​ខេត្តកំពង់ស្ពឺ ។

ស្ត្រី​វ័យ​ចំណាស់​​រូបនេះ​ឈ្មោះ ប៉ុក សៅ​ខាន អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧០​អា ផ្លូវ​លេខ​១៥៦ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ សព្វថ្ងៃ​រស់នៅ​ជាមួយ​កូន​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល​៣ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ការ​ចាប់ខ្លួន​ជនជាប់សង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។
ដីកាចាប់ខ្លួន​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពិនិត្យ​លើ​សំណុំរឿង​ចប់​សព្វគ្រប់​យល់​ឃើញ​ថា ឈ្មោះ ប៊ុ​ក សៅ​ខាន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ត្រូវ​ចោទប្រកាន់​ពី​បទ​.​ឆបោក និង​បទ​.​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​២០១៦ តាម​បញ្ញត្តិ​មាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជា​បទល្មើស​ម​ជ្ឍឹ​ម​មាន​កំណត់​ទោស​លើស​ពី​១​ឡើង​ទៅ ។

តាម​រយៈ​ដីកា​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៣០៧ អ​.​យ​.​ង​ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ របស់​តំណាង​អយ្យការ និង​ដីកា​ឲ្យ​ចូលខ្លួន​លេខ​៥៤៤​ញ ព្រ​.​ទ​ចុះ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ជន​ត្រូវ​ចោទ​មិន​បាន​ចូលខ្លួន​តាម​ការ​កំណត់​ឡើយ ដោយ​បាន​គេចខ្លួន​មិនដឹង​ទៅ​ទីណា ។ ដើម្បី​ធានា​ដល់​កិច្ចការ​ស៊ើបសួរ គប្បី​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ុក សៅ​ខាន យក​មក​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ទើប​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ បាន​នាំ​ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ប៉ុក សៅ​ខាន ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ តាម​ដីកាចាប់ខ្លួន​នោះ ។ បើ​តាម​អង្គហេតុ​ពី​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា គឺ​ផ្តើម​ចេញ​កិច្ចសន្យា​ទិញ​លក់​ដីធ្លី​មួយ​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ឈ្មោះ ប៉ុក សៅ​ខាន និង​សាន សុខា ជា​អ្នកលក់​ដី ហៅ​ថា​ភាគី​.​ក ឲ្យ​ទៅ​ឈ្មោះ ជា សុខ​ចិន្តា និង​ឈ្មោះ ខុ​ង ស៊ា​ង​ហ៊ី ជា​អ្នកទិញ​ដី​ហៅ​ថា ភាគី​.​ខ ។

ភាគី​.​កយល់ព្រម​លក់​ដី​ចំនួន​៤៥​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូម​សប់​ង៉ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តម្លៃ​សរុប​៤៥០.០០០​ដុល្លារ​អា​មេ​រិ​ក ដោយ​ភាគី​.​ខ បាន​ប្រគល់​ប្រាក់​ឲ្យ​ភាគី​.​ក គ្រប់​ចំនួន ហើយ​ភាគី​.​ក បាន​ធានា​រត់ការ​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​នោះ​ឲ្យ​ទៅ​ភាគី​.​ខ ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។ ក្រោយ​ពេល​ប្រគល់​លុយ​គ្រប់​ចំនួន​រួច​ហើយ ភាគី​ទាំង​ពី​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​ព្រុំ​លើ​ផ្ទៃដី​៤៥ ហិ​កតា ឲ្យ​ទៅ​ភាគី​.​ខ ។ ក្រោយមក​ទៀត​គឺ​ភាគី​.​ក បាន​កាត់​ដី​ចំនួន​១០
ហិ​កតា ឲ្យ​ទៅ​ភាគី​.​ខ ដែល​សរុប​ដី​នោះ​មាន​ចំនួន​៥៥ ហិ​កតា ។

បន្ទាប់​មក ភាគី​.​ខ តែងតែ​សួរនាំ​ភាគី​.​ក អំពី​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី តែ​ភាគី​.​ក ព្យាយាម​គេចវេស លុះដល់​ឆ្នាំ​២០១៩ ភាគី​.​ខ បាន​ទទូច​ឲ្យ​ភាគី​.​ក ផ្តល់​ប័ណកម្មសិទ្ធិ​ស្របច្បាប់ ស្រាប់តែ​ដី​នោះ​បាន​ធ្លាក់​ទៅ​លើ​ឈ្មោះ​អ្នក​ដ៏​ទៃ​កាន់កាប់​ទៅ​វិញ ។ ដោយ​ពិនិត្យ​ឃើញ​ថា ឈ្មោះ ប៉ុក សៅ​ខាន និង​មនុស្ស​២ នាក់​ទៀត ពិតជា​ប្រព្រឹត្ត​បទ ល្មើស ឆបោក លក់​ដី​ខ្យល់ ទើប​ឈ្មោះ ខុ​ង ស៊ា​ង​ហ៊ី ដែល​ខំ​ចំ ណាយ​ប្រាក់​ទិញ​ដី​អស់​រាប់​សែន​ដុល្លារ ដាក់​ពាក្យ​ប្តឹង​ស្ត្រី​ឈ្មោះ ប៉ុក សៅ​ខាន និង​បក្ខពួក​ដែល​ឃុបឃិត​គ្នា​លក់​ដី​ខ្យល់​ទៅ​តុលា ការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។
ទីបំផុត នា​ល្ងាច​ដដែល​នេះ ស្ត្រី​វ័យ​ចំណាស់​ដែល​គេ​ស្គាល់​ជា​គ្រូទាយ​មើល​ពី​ជោគ​ជីតា​រាសី​ម្នាក់​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រឿង​លក់​ដី​ខ្យល់ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។