ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការផ្តល់ស្រូវពូជជូនប្រជាជនរងគ្រោះដោយទឹកជំនន់ស្មើៗគ្នាមិនកំណត់ទំហំផ្ទៃដីឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ពីមុនរាជរដ្ឋាភិបាលបានកំណត់យករូបមន្តមួយសម្រាប់ ការផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយគិតទៅតាមទំហំផ្ទៃដីកន្លះហិកតាចុះ ចែកជូន ៥០គីឡូក្រាម កន្លះហិកតាឡើងចែកជូន១០០ គីឡូ។ ក៏ប៉ុន្តែពេលនេះសម្តេចបានដាក់ចេញគោលការណ៍ជារួម គឺប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នឹងទទួលបានស្រូវពូជចំនួន១០០គីឡូក្រាមស្មើៗគ្នា ដោយមិនគិតទៅលើទំហំដីស្រែតូច ឬធំឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ។

ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ស្នើសុំអ្នកដែលទទួលបានពូជស្រូវចំនួន ៥០គីឡូក្រាមម្តងរួចហើយ មិនត្រូវមកស្នើសុំម្តងទៀតដើម្បីឲ្យគ្រប់ចំនួន ១០០គីឡូក្រាមនោះទេ។ សម្តេចថា បើមានករណីខ្វះស្រូវពូជ នោះនឹងត្រូវផ្តល់ជូនបន្ថែមទៀតបាន តែបើមានគ្រួសារណាដែលប្រើស្រូវពូជមិនអស់ ត្រូវធ្វើការចែករំលែកតាមរយៈការលក់ ឬផ្តល់ឱ្យដោយឥតគិតថ្លៃដល់គ្រួសារដទៃទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។