ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣

(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់ និងលិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២១-២០២២ និងជូនវត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

បន្ទាប់ពីបានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ខ្ញុំសូមរម្លឹកបន្តិចថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់ អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

ឯកឧត្តមអភិបាលខេត្តសូមសំណូមពរក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគតប្រទេសជាតិយើង។

ឯកឧត្តម ជា សុមេធី សូមជូនពរឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញ គ្រឹះស្ថានឯកជន លោក លោកស្រី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។