ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គីហៅវត្តព្រៃភូមិ ស្ថិតនៅភូមិសន្ទៃ ទី១ ឃុំកក់ ស្រុកពញាក្រែក

(ត្បូងឃ្មុំ) ៖នាព្រឹកថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គីហៅវត្តព្រៃភូមិ ស្ថិតនៅភូមិសន្ទៃ ទី១ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ឧត្តមភរិយា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសអធិកអធមជាទីបំផុត។

ឯកឧត្តមអភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវ ញ៉ែម សាខន សខេង និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅវត្តឧត្តមសាមគ្គី ហៅវត្តព្រៃភូមិ ប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

ឯកឧត្តម​ ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងប្រតិភូអមដំណើរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។