ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកJeepបើកឡើងស្ពានកោះនរាយ៉ាងលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងស្ពានបណ្តាលឱ្យក្រឡាប់​ផ្ងារជើង!

(ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក JEEP មួយគ្រឿងឡើងស្ពានកោះនរាយ៉ាងលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងស្ពានបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៤នៅចំណុចគល់ស្ពានកោះនរាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខប្រចាំការនៅគោលដៅជាប់នឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាក JEEPពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខកម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរាក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកឡើងមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងស្ពានពេញទំហឹងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយពេលនោះដែរពលរដ្ឋជិតខាងនិងសន្តិសុខប្រចាំការនៅទីនោះបាននាំគ្នារត់ទៅជួយគាស់យកតែកុងចេញពីក្នុងរថយន្តបានចេញមកក្រៅដោយសុវត្ថិភាពមិនមានរងរបួសនោះទេ ហើយត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងមន្ត្រីចរាចរណ៍ខណ្ឌចុះមកដល់ពិនិត្យជំវិញទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅខាងជំនាញក្រុងបន្តឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងជំនាញសាលាក្រុងនៅពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។