ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិត បានសរសេររៀបរាប់ថា «នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់សម្តេចវិបុលសេនាភក្តី ខ្ញុំ និងភរិយាសូមសម្តែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយ អំណរសាទរ និងពរជ័យសិរីមង្គលដ៏មហាប្រសើរជូនចំពោះសម្តេច សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលនេះផងដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះការខិតខំប្រឹងប្រែងរបស់សម្តេចក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដើម្បីចូលរួមចំណែកការពារ ថែរក្សាសន្តិភាព ស្ថេរភាពសង្គម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។

ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សា ទឹកដី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរ មហាប្រសើរគ្រប់ប្រការជូនចំពោះសម្តេចវិបុលសេនាភក្តី និងលោកជំទាវ បុត្រា បុត្រី ចៅៗជាទីស្រលាញ់ សូមបានប្រកប ដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។