ព័ត៌មានជាតិ

ទស្សនៈ៖ វត្តមានសម្តេចធិបតីនៅអង្គការសហប្រជាជាតិ ជាវិញ្ញាសាធ្វើឱ្យជនក្បត់ជាតិ៣ជំនាន់ ត្រូវបរាជ័យតជំនាន់

បើទោះបីក្រុមប្រឆាំងមួយក្តាប់តូចប្រឹងប្រែងនាំគ្នាប្រកូកប្រកាសតាមបណ្តាញសង្គម ហើយទៅប្រឹងស្រែកក្បែររបងទីស្នាក់ការអង្គការសហប្រជាជាតិស្ទើរបែកបំពង់កយ៉ាងណាក្តី ប៉ុន្តែ​មិនបានបង្កការរំខាន ឬបន្ទុចបង្អាក់ណាមួយ ដល់ដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញឡើងថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិនោះឡើយ។

នៅយប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ឡើងនៅអង្គការសហប្រជាជាតិដោយស្របច្បាប់ និងប្រកបដោយកិត្តិយសក្នុងឋានៈជានាយករដ្ឋ​មន្ត្រីរបស់កម្ពុជា តំណាងឱ្យប្រជាជាតិកម្ពុជាទាំងមូល។ នៅមុនពេលឡើងថ្លែងសុន្ទរកថានោះ សម្តេចធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អង់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

នៅមុនពេលសម្តេចធិបតី អញ្ជើញទៅថ្លែងនៅអង្គការសហប្រជាជាតិ ក្រុមប្រឆាំងក្រៅប្រទេស ដឹក​នាំ​ដោយលោក សម រង្ស៉ី មូរ សុខហួរ អេង ឆៃអ៊ាង ជាដើម បានបំផុសចលនាឱ្យខ្មែរប្រឆាំង​នៅ​អាមេរិក និងបណ្តាប្រទេសនានា នាំគ្នាប្រមូលផ្តុំតវ៉ាទាមទារអង្គការ​សហប្រជាជាតិ កុំអនុញ្ញាត​ឱ្យ​សម្តេចធិបតីនាយករដ្ឋមន្ត្រី ឡើងថ្លែងនៅអង្គការសហប្រជាជាតិ។ ពួកគេចាត់ទុក​ការបោះឆ្នោត​នៅ​កម្ពុជាមិនត្រូវ និងថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមិនស្រុបច្បាប់​ជាដើម។

នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្រុមប្រឆាំងដែលប្រឹងប្រែងប្រមូលគ្នាបានចំនួនតិចតួចបំផុតនោះ ក៏​បាននាំគ្នាទៅប្រមូលផ្តុំតវ៉ាជិតអង្គការ​សហ​ប្រជាជាតិផងដែរ។ ប៉ុន្តែការតវ៉ារបស់ពួកគេ​មិនមាន​អានុ​ភាពណាមួយលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះឡើយ។

វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ គឺជាវិញ្ញាសា នាំឱ្យក្រុមប្រឆាំង​ទទួលការ​បរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត ជាពិសេសជន​ក្បត់ជាតិ​៣ជំនាន់ សម រង្ស៉ី។ ពេលនេះ​ជន​ក្បត់ជាតិ៣ជំនាន់សមរង្ស៉ី បានក្លាយទៅជាអ្នកចាញ់តជំនាន់ ពោលចាញ់តាំងពីប្រកួតជាមួយ សម្តេចតេជោ រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។

បរាជ័យមួយនេះ ក្រុមប្រឆាំងទាំងឡាយដែលជាសាវករបស់ជនក្បត់ជាតិ សម រង្ស៉ី ល្មមភ្ញាក់ខ្លួន​ហើយ ថាមេរបស់ខ្លួនអន់ដល់កម្រិតណានោះ? តើគួរបន្តលង់ជឿ ឬឱ្យជនកម្សោយបែបនេះដឹកមុខដល់ពេលណាទៀត?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។