ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យសហគ្រាសទឹកស្អាតសហគមន៍ក្នុងឃុំជាច និងឃុំក្របៅ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្របៅ និងឃុំជាច នៃស្រុកកំចាយមារ

(ព្រៃវែង) :នាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចុះពិនិត្យសហគ្រាសទឹកស្អាតសហគមន៍ក្នុងឃុំជាច និងឃុំក្របៅ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្របៅ និងឃុំជាច នៃស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្ដេចក្រឡាហោមបានណែនាំក្រុមការងារគ្រប់គ្រងសហគ្រាសទឹកស្អាតសហគមន៍បន្តការខិតខំថែទាំ និងគ្រប់គ្រងដំណើរការសេវាកម្មទឹកស្អាតនេះឱ្យបានល្អ និងជំរុញការលើកទឹកចិត្តឱ្យប្រជាសហគមន៍ក្នុងឃុំងាកមកចូលរួមប្រើប្រាស់ទឹកស្អាតដើម្បីសុខភាពពួកគាត់ផង និងចូលរួមផ្ដល់ប្រាក់ចំណូលមកសហគ្រាសផង ហើយថាចំណូលនោះមួយផ្នែកបានមកពីសេវាកម្មនេះនឹងត្រូវប្រើប្រាស់សម្រាប់ការរួមអភិវឌ្ឍន៍មូលដ្ឋាន។

ដំណើរអញ្ជើញទៅកាន់មូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង របស់ សម្ដេចក្រឡាហោម នាឱកាសនោះ គឺបន្ទាប់ពីសម្ដេចបានអញ្ជើញត្រឡប់ពីការចូលរួមជាគណៈអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងពិធីសម្ពោធអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលជួបសំណេះសំណាលមួយក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ឱកាសជូនតំណាងក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ រាយការណ៍អំពីដំំណើរការគ្រប់គ្រង ផលិត និងចែកចាយទឹកស្អាត ដោយសម្ដេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងលើកទឹកចិត្តឱ្យខិតខំបន្តនិរន្តរភាពសហគ្រាស រួមទាំងកិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈជូនប្រជាជន។

ដោយឡែកនាឱកាសចុះមូលដ្ឋាននោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញមកពីឃុំចំនួន៣ រួមមានឃុំក្របៅ ឃុំជាច និងឃុំក្រញូង នៃស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្ដេចក្រឡាហោម បានជំរុញលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់បន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដើម្បីប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតខាងមុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។