ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រដ្ឋាភិបាលកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ។

ការគូសបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ដិត បានអញ្ជើញជាអធិបតីភាពសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបានដាក់ចេញច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់, បត់បែន និងទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ, កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, កែលម្អរហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និងក្រុងព្រះសីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពភាពក្រីក្រ គឺទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត ដែលក្នុងនោះមានកិច្ចការចម្បងចំនួន០៣ ដែលត្រូវជំរុញរួមមាន៖
*ទី១៖ បរិមាណនៃឱកាសការងារដែលលាតសន្ធឹងពីទីក្រុងរហូតដល់ជនបទ ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។ �*ទី២៖ ការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាយរយៈការរៀបចំឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍនៅនឹងកន្លែង, តាមរយៈការផ្តល់ឱកាសឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព, ការផ្តល់ការការពារផ្នែកសិទ្ធសេរីភាព, ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី។ �*ទី៣៖ ការវិនិយោគដែលមានលក្ខណៈសមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនារវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បងក្នុងការរុញសង្វាក់ផលិតកម្មក្នុងវិស័យឯកជន ឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព និងនិរន្តរភាព។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា កត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ បានធ្វើឱ្យថ្នាក់ដឹកនាំនៃបណ្តា ប្រទេសមហា អំណាចធំៗលើសាកលលោក និងប្រទេសដៃគូក្នុងតំបន់ បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ហើយបានញ៉ាំងឱ្យកិច្ចប្រជុំទាំងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ទាំងនេះបាននាំមកនូវមោទនភាពដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ជាការផ្សព្វផ្សាយទៅកាន់សាកលលោកអំពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ចេញពីប្រទេសធ្លាប់ទទួលរងការផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាម៕(FN)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។