ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជូនដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ

(ភ្នំពេញ) :នារសៀលថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។

សម្រាប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20 គឺតបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២។ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ» ក្នុងឱកាសនោះ សម្តេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់ នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត។

ដោយឡែកសម្រាប់កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC វិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាពផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។