ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ)

(សៀមរាប) ៖នៅរសៀលថ្ងៃសុក្រ ៤រោច ខែក ឆ្នាំថោះ កត្តិកញ្ចស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានរៀបចំកិច្ចជុំប្រចាំវិច្ឆិកាក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ទទួលបន្ទុកប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៦៣នាក់ ស្រី ៣៧ នាក់ អញ្ជើញចូលរួមផងដែរ។

កិច្ចប្រជុំបានរៀបចំឡើងដើម្បីធ្វើការពិនិត្យទៅលើលទ្ធផលសកម្មភាពការងារ ដែលអនុវត្តដោយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគួជាតិ អន្តរជាតិ ដែលជាសមាជិក ព្រមទាំងបានធ្វើការពិនិត្យពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេឌ័រ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ អង្គប្រជុំក៏បានធ្វើការពិភាក្សាទៅលើការរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣។

សូមជម្រាបជូនផងដែរថា ទិវាជាតិ១២ធ្នូ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជាយុទ្ធនាការរួមគ្នា ក្នុងការបង្កើននូវប្រព័ន្ធសុវត្ថិភាព សម្រាប់ការពារប្រជាពលរដ្ឋឱ្យរួចផុតពីភាពរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងទស្សនវិស័យ បន្តរក្សាសន្តិភាព សមភាព យុត្តិធម៌ និងការអភិវឌ្ឍ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។