ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូDBST៤ ខ្សែ ប្រវែងជាង២២ គីឡូម៉ែត្រ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង​ ២២គីឡូម៉ែត្រ​ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា ស្ថិតក្នុងស្រុកបាធាយ​ ស្រុកស្ទឹងត្រង់​ ស្រុកជេីងព្រៃ​ និងស្រុកព្រៃឈរ ដោយមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះធ្វើឡើងនៅឃុំតាំងក្រសាំង ស្រុកបាធាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នៅតំបន់ភូមិក្រដាស (ខ) ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយនេះ ជាតំបន់ងាយរងគ្រោះពាក់ព័ន្ធគ្រោះធម្មជាតិនានា ពោលគឺនៅរដូវវស្សាទឹកលិច ពេលមានភ្លៀងធ្លាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់។ ចំពោះប្រព័ន្ធផ្លូវ ក៏ពិបាកធ្វើដំណើរផងដែរ ហេតុដូច្នេះហើយទើបរដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំប្រឹងប្រែង រហូតបានបើកការដ្ឋាន ស្ថាបនាផ្លូវជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ។

ឯកឧត្តម អភិបាលខេត្តឲ្យដឹងទៀតថា គម្រោងជួសជុលកែលម្អផ្លូវសរុបប្រវែង ២២.៥៣ គ.ម ចំណាយថវិកាសរុបចំនួន ២.៩៧៩.៤៣៥ដុល្លារ ក្នុងនោះ ស្រុកស្ទឹងត្រង់ សម្រាប់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។ ផ្លូវពីរខ្សែប្រវែងសរុប៧.០១គ.ម ចំណាយថវិកាចំនួន ៨៣៨ ៣០៥ ដុល្លារ។ ខ្សែទី១ ជួសជុលកែលម្អផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៤,៥៥គ.ម ស្ថិតក្នុងភូមិសូភាស និងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់។ ខ្សែទី២ ជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង ២.៤៦គ.ម ស្ថិតក្នុងភូមិអន្តោល និងភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់។

រីឯក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង៖ ជួសជុលកែលម្អផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១០,០១ គ.ម ចាប់ពីផ្លូវជាតិលេខ៦A ត្រង់ចំណុចក្លោងទ្វារវត្តកំណ មកភ្ជាប់ផ្លូវកៅ ស៊ូដែល តភ្ជាប់ពីផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំសូរ្យសែន ស្រុកព្រៃឈរ និងឃុំស្រម៉ ស្រុកជើងព្រៃ ចំណាយថវិកាចំនួន ១ ៣២០ ៥៥១ ដុល្លារ។

ចំពោះផ្លូវក្នុងស្រុកបាធាយ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង៖ ជួសជុលកែលម្អផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៥,៥១ គ.ម ឈ្មោះផ្លូវស្តុកធំ-ក្រដាសខ-ភ្នំព្រះវិហារ ចេញពីផ្លូវកៅស៊ូរបស់ក្រសួង អភិវឌ្ឍន៍ជនបទត្រង់ក្លោងទ្វារវត្តភ្នំព្រះវិហារ មកភ្ជាប់នឹងផ្លូវឃុំ ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ដោយគ្រោងចំណាយថវិកាចំនួន ៨២០ ៥៧៧ ដុល្លារ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យបងប្អូនប្រជាកសិករសន្សំទឹកទុកសម្រាប់ស្រោចស្របដំណាំ ដោយហេតុថា ឆ្នាំនេះអាចមានកូនរដូវប្រាំងរយៈពេលយូរ និងកម្ដៅក្តៅខ្លាំង។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងដែលធ្វើឲ្យការស្ថាបនាផ្លូវ នាពេលនេះលេចចេញជារូបរាង គឺក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល ទៅរកទីផ្សារបានឆាប់រហ័ស ទទួលបានផលចំណេញដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើងផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។