ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣ គ.ម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣ គ.ម នៅភូមិក្រដាស(ខ) តាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើផ្លូវនេះជាសក្ខីភាពបង្ហាញពីការចូលរួមជួយសម្រួលបងប្អូនក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ដូច្នេះបងប្អូនត្រូវចូលរួមថែរក្សានិងការពារផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរបន្តអភិវឌ្ឍ និងចូលរួមកែប្រែជីវភាពប្រជាជនឱ្យមានភាពប្រសើរឡើង តាមរយៈការលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែងាយស្រួលជាងមុន ការប្រើពូជស្រូវសុទ្ធនិងបច្ចេកទេសទំនើប ការកាត់បន្ថយថ្លៃដើម មានផលិតភាពខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ព្រមទាំងបង្កើតទំនុកចិត្តតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីទទួលបានប្រាក់ចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំកសិករត្រូវចេះសន្សំសំចៃនិងរក្សាទឹកដើម្បីការពារនៅកូនរដូវប្រាំង និងត្រូវបន្តការធ្វើស្រែដើម្បីសន្តិសុខស្បៀង។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកបញ្ជាក់ផងដែរថា គោលនយោបាយកសិកម្មនៅថ្ងៃមុខនឹងប្រែមុខមាត់ថ្មីតាមរយៈសហគមន៍កសិកម្ម ដែលពីមុនកសិករធ្វើស្រែជំពាក់គេទាំងការទិញពូជ និងជី តែគំរូថ្មី សហគមន៍នឹងជួយចេញ ហើយកសិករត្រូវចូលរួមជាទឹក ដី និងកំលាំងពលកម្មផ្សេងៗ ដែលវានឹងជួយឱ្យកសិករកាន់តែមានលទ្ធភាពនិងភាពប្រសើរឡើង។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវជឿជាក់ និងទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសម្រាប់បងប្អូនដែលមានឈ្មោះបោះឆ្នោត​ ចាំបាច់ត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា​ ដោយយេីងជាម្ចាស់សន្លឹកឆ្នោតរបស់យេីង ដើម្បីសម្រេចជោគវាសនារបស់យើង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។