ព័ត៌មានជាតិ

ពិធីបិទព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់របស់ « ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព » រដូវកាលទី ២ ឆ្នាំ ២០២៤!

(កំពង់ចាម) ៖ នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីពិធីបិទព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់របស់ « ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព » រដូវកាលទី ២ ឆ្នាំ ២០២៤ ដែលប្រព្រឹតនៅបរិវេណដីឡូតិ៍ ក្នុងស្រុកស្ទឹងត្រង់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា វិស័យកីឡា ពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ។
ទន្ទឹមនឹងនេះ វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការជំរុញ និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព
សន្តិភាព តាមរយៈព្រឹត្តិការណ៍កីឡា នឹងរួមចំណែកដល់ការបង្កើន បានសុខដុមនីយកម្មក្នុងសង្គមជាតិយើងទាំងមូល។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្តថា កីឡា បានចូលរួមចំណែកយ៉ាងសកម្មជួយដល់យុវជនឱ្យងាកចេញពីការសេពគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់នានា។ កីឡា បានរួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និង
លើកកម្ពស់សុខភាពល្អ ដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់ នៃផលិតភាព និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ពលកម្មប្រកបដោយភាពធន់ និងចីរភាព ។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាព ចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលមានគុណភាព និងផលិតភាពខ្ពស់ ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។