ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងសហការី អញ្ជើញមកជួយសំណេះសំណាលនិងនាំយកពូជស្រូវចំនួន២០តោន និងពូជបន្លែ៦០០កញ្ចប់ មកចែកជូនបងប្អូនប្រជាកសិករចំនួន៣០០គ្រួសារ

កម្មវិធីទី៣៖
នៅវេលាម៉ោង ១៦:០០ នៅសាលាឃុំល្វា ស្រុកពួក ខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកពូជស្រូវចំនួន ២០តោន និងពូជបន្លែ ៦០០កញ្ចប់ មកចែកជូនបងប្អូនប្រជាកសិករចំនួន ៣០០គ្រួសារ។ នាក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ការចែកពូជស្រូវ និងពូជបន្លែនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងតាមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី មកចែកជូនបងប្អូនប្រជាកសិករ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ ដូច្នេះ លោកបញ្ជាក់ថានេះជាពូជ មិនគួរយកទៅបុក ឬកិនយកអង្គរមកបរិភោគនោះទេ ផ្ទុយទៅវិញត្រូវយកទៅដាំដុះឲ្យបានទាន់ពេលវេលា ព្រោះជាពូជមិនប្រកាន់រដូវ និងអាយុកាលខ្លី ហើយលោកសង្ឃឹមថា បងប្អូននឹងយកពូជនេះទៅដាំដុះបានផលផ្លែផ្កា គ្រាន់ទុកជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយក៏គួរដាំបន្លែ ដំណាំរួមផ្សំ និងចិញ្ចឹមមាន់ ឬត្រីបន្ថែមដើម្បីធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការរង់ចាំជួយជាគ្រាប់ពូជ និងបច្ចេកទេសឲ្យអស់លទ្ធភាព។

សូមបញ្ជាក់ថា ក្នុងចំណោម ៣០០គ្រួសារ នាពេលនេះ មាន ២០០គ្រួសារទទួលបានពូជស្រូវ ១០០គ. ក្រ ក្នុង១គ្រួសារ និងថវិកា ២ម៉ីនរៀល និង ១០០គ្រួសារទៀតទទួលបានពូជបន្លែបួនមុខ ដោយក្នុង ១គ្រួសារ មានពោតដំណើប ត្រប់វែង ស្ពៃចង្កឹះ និងសណ្តែកកួរ រួមទាំងថវិកាឧបត្ថម្ភ ២ម៉ីនរៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។