ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ អញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារ

(ព្រៃវែង) :នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគណៈអធិបតីអមដំណើរព្រមទាំងគណៈ​កម្មការ​ ធ្វេីរោងទូក​ ង​ ផងដែរ។

លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមការងារ បានរៀបចំពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសង់រោងតម្កល់ទូក ង វែងជាងគេលើពិភពលោករបស់ខ្មែរ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័ក្ដិសិទ្ធិ​ទាំងអស់ នៅវាលខាងមុខបរិវេណចុងប៉ម និងត្រៀមដាក់តាំងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាកំសាន្តផងដែរ។

ក្នុងព្រឹកថ្ងៃដដែលនេះដែរ លោកជំទាវ ក៏បានចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៣០០គ្រួសារ នៅក្រុងព្រៃវែង ដើម្បីចែករំលែកស្បៀងអាហារ និងគ្រឿងសម្ភារៈឧបភោគ បរិភោគដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្រុងព្រៃវែង។

ជាថ្មីម្តងទៀត ឯកឧត្តម​ អភិបាល​ខេត្ត​ តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងឯកឧត្តមផ្ទាល់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមគោរពជូនពរលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រា​បុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រឡាញ់ និងសហការីទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។