ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ថ្វាយព្រះសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ថ្វាយព្រះសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦-គ.ស.២០២២។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្តីសោមនស្សរីករាយបំផុត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២២ វេលាម៉ោង១០៖០០នាទីព្រឹក ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និង ក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត សម្តែងនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្គបានចំណាយព្រះរាជបញ្ញាញាណ និងព្រះកាយពលក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ និងសង្គមកិច្ចជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើន ជាបន្តបន្ទាប់ក្នុងការលើកកម្ពស់វិស័យមនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា រយៈកាលកន្លងមក។

ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយប៊ីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរងព្រះវង្សា ចាកផុតពីព្រះរោគាព្យាធិនានា និងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការ គឺវណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ»៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។