ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បេសកកម្មនេះមានបំណងចុះមក សួរសុខទុក្ខ ពិនិត្យ តាមដានការងារមូលដ្ឋាន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឈានចូលដល់កម្មវិធីទី៣ ក្នុងថ្ងៃទី៣ ហើយក៏ជាកម្មវិធីចុងក្រោយសម្រាប់ដំណើរអញ្ជើញមកបំពេញបេសកកម្មរបស់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បេសកកម្មនេះមានបំណងចុះមក សួរសុខទុក្ខ ពិនិត្យ តាមដានការងារមូលដ្ឋាន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោយពេលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំពិធីសំខាន់ៗក្នុងសង្គម បន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ មាន លក្ខណ:ល្អប្រសើរ និងជាពិសេសជម្រាបជូនប្រជាពលរដ្ឋបានយល់ដឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលសម្រេចបានកន្លងមក ហើយនិងពិនិត្យ និងវាយតម្លៃលើសកម្ម និងលទ្ធផលរបស់ក្រុមការងារចុះជួយតាមបណ្តាឃុំ សម្រេចបាននិងពិនិត្យមើលផែនការសកម្មភាពសម្រាប់អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ។

នៅរសៀលថ្ងៃនេះ ឯកឧត្តម និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ២០០នាក់ ដែលអញ្ជើញមកពីភូមិទាំង១២ ភូមិ ក្នុងឃុំទ្រាន ដែលពិធីនេះបានរៀបចំក្នុងបរិវេណវត្តព្រះកែវសាគរទ្រាន។

ក្នុងពិធី លោកបានជម្រាជូនប្រជាពលរដ្ឋ អំពីដំណើរការអភិវឌ្ឍប្រទេសជាតិ បច្ចុប្បន្ភភាពនៃស្ថានភាពជំងឺឆ្លងកូវីដ-១៩ ការរីកចម្រើនវិស័យសេដ្ឋកិច្ចជាតិ មុននិងបន្ទាប់ពីវិបត្តិកូវីដ-១៩ បានល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចជាតិ និងសកលលោក ដែលបាននិងកំពុងទទួលរងនូវផលប៉ះ ពាល់ដោយសារសង្គ្រាមរុស្សី-អ៊ុយក្រែន។ ក្រៅពីនេះ លោកបានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ និងសមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន បន្តខិតខំពូនជ្រុំសុខសន្តិភាព និងជំរុញការអភិវឌ្ឍភូមិ ឃុំ ជាពិសេលអាជ្ញាធរមូលដ្ឋានត្រូវខិតខំធ្វើអំពើល្អ ជាមួយនឹងផ្តល់សេវាបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ ទន្ទឹមនឹងនេះគ្រួសារនិមួយត្រូវខិតខំស្តារជីវភាពគ្រួសារ មើលថែទាំកូនចៅ និងបញ្ជូនគេឲ្យទៅសាលារៀន។

សូមអនុញ្ញាតជម្រាបជូនថា ក្នុងរយ:ពេល ៣ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភាឯកឧត្តមប្រធានក្រុមការងារ និងសហការី ដែលជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលើចុះមូលដ្ឋានស្រុកតំបែរ និងស្រុកកំពង់សៀម បានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ រួមជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង។ កម្មវិធីមានដូចខាងក្រោម ៖

១- ថ្ងៃទី១ ៖ ពេលព្រឹកនៅស្រុកតំបែរ ក្នុងឃុំចុងជាច និងឃុំនាងទើត មានសមាជិកអញ្ជើញចូលរួមសរុបចំនួន ៦០០នាក់។ នៅរសៀលថ្ងៃដដែល លោកបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ២០០ នាក់ នៅឃុំកោះមិត្តស្រុកកំពង់សៀម ខេត្តកំពង់ចាម។

២- ថ្ងៃទី២ ៖ ពេលព្រឹកអញ្ជើញទៅជួបប្រជាពលរដ្ឋចំនួន ១ ២០០ នាក់ នៅឃុំកោះទទឹម និងឃុំកោះរកា ចំនួន ១ ២០០នាក់។ នៅរសៀលថ្ងៃដដែល លោកបានអញ្ជើញទៅឃុំកៀនជ្រៃ មានសមាជិកចូលរួមសរុបចំនួន ២ ០៣៧នាក់។ សរុបប្រជាពលរដ្ឋអញ្ជើញចូលរួមសរុបចំនួន ៤ ៤៣៧ នាក់។

៣- ថ្ងៃទី៣ ៖ ពេលព្រឹកអញ្ជើញទៅឃុំវិហារធំជួបប្រជាពលរដ្ឋសរុបចំនួន ១ ៥០០នាក់ និងឃុំក្រឡា មានសមាជិកសរុបចំនួន ១ ៥០០នាក់។ នៅរសៀលថ្ងៃដដែល លោកបានអញ្ជើញទៅ ឃុំទ្រាន ជួបប្រជាពលរដ្ឋសរុបចំនួន ១ ២០០នាក់។ សរុបមានប្រជាពលរដ្ឋចំនួន ៤ ២០០នាក់ បានអញ្ជើញចូលរួម។

៤- ក្នុងរយ:ពេល ៣ថ្ងៃកន្លងមក លោកបានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ការណែនាំបន្ថែមជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១០ ៤៣៧នាក់ សំដៅធ្វើការអភិវឌ្ឍទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់ល្អប្រសើរដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។