ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

(កំពង់ចាម) :នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅជើងភ្នំប្រុស ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ សម្ដេច ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្ដេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មរណភាពរបស់ សម្ដេចឧត្តមទេពញាណ គឺជាការបាត់បង់ នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជា ពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។